អធិការស្រុកសំឡូតបញ្ជាក់ថាករណីស្លាប់របស់អ្នកគ្រូបង្រៀនម្នាក់ជារឿងប្រចណ្ឌ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោក កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត ខេត្តបាត់​ដំបងបានប្រាប់ឲ្យដឹងថា ក្រោយពីធ្វើ​កោសល្យវិច័យ ករណីស្លាប់របស់អ្នកគ្រូ បង្រៀនម្នាក់នៅសាលាបឋមសិក្សាមួយ កន្លែងជាករណីប្តីប្រចណ្ឌប្រពន្ធ ខណៈ​សមត្ថកិច្ចបានកំណត់មុខសញ្ញា និងចាប់ ខ្លួនប្តីជាឃាតកបានហើយ កាលពីរសៀល ថ្ងៃទី១៨ ខែធ្នូនេះ។
ហេតុការណ៍នៃអំពើឃាតកម្មដ៏ឃោរឃៅនេះ ត្រូវបានគេប្រទះឃើញសពនៅ​វេលា​ម៉ោង ៥និង២៥ នាទីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចចម្ការស្វាយ​ចន្ទី ស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ដោយសភាពសព របស់ស្ត្រីរងគ្រោះគឺដេកផ្កាប់មុខនៅក្នុងព្រៃ។ នៅក្បែរៗទីតាំងកើតហេតុ គេ​សង្កេត​ឃើញថា ទាំងម៉ូតូឌ្រីមដែលអ្នកគ្រូជិះចេញពីសាលា ក៏ដូចជាទូរសព្ទដៃ គឺនៅ​ទីនោះទំាងអស់ ដោយមិនមានការបាត់បង់​នោះឡើយ។
លោកអធិការបញ្ជាក់ថា“ដូច្នេះករណីស្លាប់អ្នកគ្រូបង្រៀននេះមិនមែន ជារឿង ចាប់រំលោភទេ គឺរឿងគំនុំ សមត្ថកិច្ចបាន កំណត់មុខសញ្ញាជនល្មើស និងកំពុងស្រាវជ្រាវចាប់ខ្លួនយកមកផ្តន្ទាទោស”។
បើយោងតាមសេចក្តីជូនដំណឹងរបស់ការិយាល័យអប់រំ យុវជន និង កីឡា ស្រុក សំឡូត ទៅកាន់មន្ទីរអប់រំយុវជន និង កីឡា ខេត្តបាត់ដំបង បានបញ្ជាក់ថា ស្ត្រី រងគ្រោះឈ្មោះ អ៊ូច ចាន់ថា អាយុ២៩ឆ្នាំ រស់នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ជាគ្រូបឋមសិក្សាអម្ពិលលើ បានបាត់ខ្លួន នៅចន្លោះម៉ោង ១១ និង ៣០ នាទី ទៅ ម៉ោង ១២ ថ្ងៃត្រង់ ពេលដែលអ្នកគ្រូចេញ ពីសាលារៀន។
សេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថា គេប្រទះឃើញសពនៅវេលាម៉ោង ៥ និង ២៥នាទីល្ងាចថ្ងៃដដែល ក្នុងភូមិសាស្ត្រ ខាងលើ ដែលមានចម្ងាយប្រមាណ ២០០ ម៉ែត្រ ពីផ្លូវ ដែលការ វិនិច្ឆ័យបឋម អាចជា រឿងគំនុំ ព្រោះបើគេ ពិនិត្យមើលពីខាងក្រៅ សពមានស្លាកស្នាមវាយតប់ជាច្រើនកន្លែង មុននឹងឃាតកសម្លាប់។ រីឯសម្ភារមួយ​ចំនួនរបស់សព ក៏មិនមានការបាត់បង់​នោះឡើយ។
គួរបញ្ជាក់ថា ស្ត្រីរងគ្រោះ ដែលមាន សម្ផស្សស្រស់ស្អាតនេះ មានស្វាមី និង មានកូនស្រីមួយ ដោយក្រោយពីប្រទះ ឃើញសពនេះរួចមក សមត្ថកិច្ចបានដេកយាមជាបណ្ដោះអាសន្ន ដោយសារតែនៅ ព្រឹកថ្ងៃទី១៧ នេះ ទើបក្រុមការងារ នៃ ការិយាល័យបច្ចេកទេសនិង កោសល្យវិច័យ ចុះទៅពិនិត្យស្លាកស្នាម ដើម្បីវិភាគឲ្យដឹង​ថា ជាករណីឃាតកម្មដោយគំនុំ ឬក៏ពាក់​ព័ន្ធនឹងករណីរំលោភ សម្លាប់ ងាយស្រួលក្នុងការស្វែងរកឃាតកយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ នរិន្ទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print