ភ្នំពេញ៖ បុរសជាជនជាតិបរទេសម្នាក់ស្រវឹងស្រាជោកជាំបានជិះរ៉ឺម៉កកង់បីទៅរកសណ្ឋាគារដើម្បីស្នាក់នៅ តែមិនទាន់ដឹងមូលហេតុស្រាប់ វាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងសណ្ឋាគារលុច ហើយដេញវាយបុគ្គលិករត់ជាន់ជើងគ្នាហើយថែមទាំងដើរចេញមកក្រៅដេញវាយនិងរករឿងអ្នកដំណើរតាមដងផ្លូវបង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ។
ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ នៅចំណុចសណ្ឋាគារលុច តាមបណ្តោយផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
បើតាមប្រភពព័ត៌មានពីបុគ្គលិកបំរើការក្នុងសណ្ឋាគារបានឱ្យដឹងថា មុនពេលកើតហេតុគឺជនជាតិបរទេសខាងលើ បានជិះរ៉ឺម៉កម៉ូតូកង់បីទាំងស្ថានភាពស្រវឹងស្រាជោកជាំ និងបានចូលទៅសួរតម្លៃបន្ទប់ដើម្បីសម្រាក ប៉ុន្តែមិនដឹងជាយ៉ាងម៉េចជនជាតិបរទេសរូបនោះ បានស្រែកឡូឡានិងវាយបោកប្រាស់របស់របរ និងទ្រព្យសម្បត្តិក្នុងសណ្ឋាគារ ថែមទាំងដេញវាយខ្លួន និងបុគ្គលិកដទៃទៀត ហើយរត់ចេញមកក្រៅដេញវាយគេឯងនិងបានធ្វើ ឱ្យរទេះលក់សាច់គោអាំង និងប្រហិតបែកខ្ចាយពេញផ្លូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកក្បែរខាងនិងអ្នកធ្វើដំណើរតាមដងផ្លូវមកជួយអន្តរាគមន៍ទាន់ពេល ។
ប្រភពបន្តថា ឃើញដូច្នេះអ្នករត់ម៉ូតូឌុប និងអ្នកនៅជិតកន្លែងកើតហេតុបាននាំគ្នាមកឃាត់ជាច្រើននាក់ ហើយធ្វើការចរចាដើម្បីអោយជនបង្កសងសំណងនូវរាល់របស់របរដែលខូចខាត បន្ទាប់មកជនបង្កបានសងថ្លៃខូចខាតទៅខាងរទេះលក់សាច់គោ និងប្រហិត ចំនួន៥០ដុល្លារដើម្បីបញ្ចប់រឿង ចំណែកទ្រព្យសម្បត្តិនៅក្នុងសណ្ឋាគារបុរសជនជាតិបរទេសក៏ធានាចេញសងដែរ ប៉ុន្តែអ្នកបំរើការក្នុងសណ្ឋាគារ ឱ្យរង់ចាំជួបម្ចាស់សណ្ឋាគារជាមុនសិនទើបសម្រេចបាន។
គួររំលឹកផងដែរថា ខណៈដែលជនជាតិបរទេសមកធ្វើការអុកឡុកក្នុងសណ្ឋាគារនោះគឺពុំឃើញមានការជួយអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាននោះទេ គឺមានតែប្រជាពលរដ្ឋនិងបុគ្គលិកខាងសណ្ឋាគារតែប៉ុណ្ណោះ ហើយសណ្ថាគារក៏មិនទាន់បានដឹងថា ត្រូវដាក់ពាក្យបណ្តឹងក្នុងរឿងដែលភ្ញៀវបរទេសមកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងបង្កការភ្ញាក់ផ្អើលដល់អ្នកដ៏ទៃនោះនៅឡើយទេ ដោយរង់ចាំម្ចាស់សណ្ឋាគារមកសិន៕
ដោយ៖ ព្រែកជ័យ