បណ្តាស្ថានប័នសេដ្ឋកិច្ចធំៗនៅលើពិភពលោកសង្ឃឹមថា នៅឆ្នាំ២០២០ ទំនាក់ទំនងសេដ្ឋកិច្ច រវាងអាមេរិក និងចិន កាន់តែប្រសើឡើងហើយប្រទេសទាំងពីរនឹងចុះហត្ថលេខាងបញ្ចប់វិវាទពាណិជ្ជកម្ម ។ការប្រឈមមុខតានតឹងក្នុងវិស័យពាណិជ្ជកម្ម អាមេរិក ចិន ប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។
ពេលថ្មីៗនេះ ប្រធានគណៈប្រតិភូ ចិន ដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តីចិន លោក លីវ ហេ (Liu He) នឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍នេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មដំណាក់កាលទី ១ ជាមួយសហរដ្ឋអាមេរិក ។
ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងសេតវិមាន មិនអាចអត្ថាធិប្បាយបានភ្លាមៗទេ ចំពោះព័ត៌មានដែលបានផ្សាយថា គណៈប្រតិភូចិនទំនងជានឹងស្នាក់នៅសហរដ្ឋអាមេរិក រហូតដល់ពាក់កណ្តាលសប្តាហ៍ក្រោយនោះ ។ទាំងភាគីចិន និងទាំងភាគីអាមេរិក មិនបានបង្ហាញព័ត៌មានលំអិតជាក់លាក់ អំពីកិច្ចព្រមព្រៀងនេះទេ ហើយក៏មិនមានអត្ថបទណាមួយ ត្រូវបានគេចេញផ្សាយជាសាធារណៈនោះដែរ។
ក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានជួយរក្សាភាគហ៊ុនពិភពលោកមានភាពវិជ្ជមានផងដែរ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ។
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសផែនការសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូង នៅក្នុងខែតុលា ឆ្នាំ២០១៩ ហើយក្រុមចរចាអាមេរិក និងចិន បានចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងដែលគេហៅថា ដំណាក់កាលទី ១ ។លោក Robert Lighthizer តំណាងពាណិជ្ជកម្មអាមេរិកបានថ្លែងនៅខែធ្នូ ឆ្នាំ២០១៩ថា តំណាងមកពីប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក្នុងសប្តាហ៍ដំបូង នៃខែមករា ឆ្នាំ២០២០ ។
កាលពីសប្តាហ៍មុន លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯរមណីយដ្ឋានរបស់គាត់នៅរដ្ឋ ផ្លរីដា សហរដ្ឋអាមេរិកថា នៅទីបំផុត គាត់ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ។ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ប៉ុន្តែបានថ្លែងថា កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើហើយកំពុងបកប្រែ។ប៉ុន្មានថ្ងៃមុននេះ រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Steven Mnuchin បានថ្លែងថា កិច្ចព្រមព្រៀងត្រូវបានបញ្ចប់ទាំងស្រុង ប៉ុន្តែកំពុងស្ថិតក្រោមការត្រួតពិនិត្យបច្ចេកទេស ៕