ក្រៅពីមនុស្ស មានសត្វព្រៃរាប់រយលានក្បាលងាប់ ដោយភ្លើងឆេះព្រៃនៅអូស្ត្រាលី

ចែករំលែក៖

ភ្លើងឆេះព្រៃនៅអូស្ត្រាលី​នឹងបន្តអូសបន្លាយជាច្រើនសប្តាហ៍ខាងមុខទៀត ដោយរដូវក្តៅអូសបន្លាយហើយក្តៅខ្លាំង ទៀតផង​។ មកទល់ពេលនេះ មានមនុស្សស្លាប់ ជាង​២០ នាក់និងជិង​៣០នាក់បាត់ខ្លួន ផ្ទះរាប់រយខ្នងរងការបំផ្លាញ ដោយភ្លើងឆេះព្រៃទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ អូស្ត្រាលី ។

គេហទំព័រ Metro ​កាលពីថ្ងៃទី​៣ ខែមករា បានផ្សាយថា  តាមរបាយការណ៍របស់ ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យស៊ីដនី (University of Sydney) នាពេលនេះ បានប៉ាន់ស្មានថា សត្វប្រហែល៤៨០លានក្បាល រួមមានទាំងពួកថនិកសត្វ សត្វបក្សី និងល្មូន ត្រូវបានបាត់បង់ ដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅអូស្រ្តាលី គិតចាប់តាំងពី ខែកញ្ញា ឆ្នាំ២០១៩ រហូតមកទល់នឹងបច្ចុប្បន្ន។

រយៈពេលជាច្រើនខែមកនេះ តំបន់ភាគខាងកើតប្រទេសអូស្រ្តាលី គឹនៅរដ្ឋ New South Wales (NSW) និងរដ្ឋ Victoria បានបន្តប្រឈម នឹងបញ្ហាភ្លើងឆេះព្រៃ ដែលបានឆាបឆេះនៅតាមទីតាំងជាច្រើន ហើយពុំដឹងពេលនឹងអាចត្រូវពន្លត់ឲ្យរលត់នោះឡើយ ស្របពេលដែល ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យអូស្រ្តាលីបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងណាក្តី រហូតដល់មានភ្នាក់ងារពន្លត់អគ្គីភ័យមួយចំនួនបានលះបង់ ជីវិតថែមទៀតផង។

ខណៈក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា សត្វជិត៥០០លានក្បាលបានងាប់ដោយសារមហន្តរាយភ្លើងឆេះព្រៃ រដ្ឋមន្រ្តីបរិស្ថានរបស់ អូស្រ្តាលី លោកស្រី Sussan Ley បានលើកឡើងថា តួលេខពិតប្រាកដនៃសត្វដែលងាប់នឹងមិនទាន់អាចដឹងច្បាស់ឡើយ រហូតទាល់តែ នៅពេលបញ្ហាភ្លើងឆេះព្រៃអាចត្រូវគ្រប់គ្រងបាន ទើបបន្ទាប់មកការវាយតម្លៃត្រឹមត្រូវមួយអាចប្រព្រឹត្តទៅបាន។

គួរជម្រាបថា សត្វកូឡា (Koala) ដែលជាសត្វមានវត្តមានតែនៅក្នុងប្រទេសអូស្រ្តាលីប៉ុណ្ណោះនោះ ពោលគឺដូចពពួកកង់គូរូដែរ ត្រូវគេជឿជាក់ថា មានរហូតដល់ខ្ទង់ ៨,០០០ក្បាលបានងាប់ ដោយសារភ្លើងឆេះព្រៃក្នុងរយៈពេលជិត៤ខែមកនេះ។ សត្វកូឡាងាយនឹងរងគ្រោះដោយសារភ្លើងឆេះព្រៃណាស់ ព្រោះពួកវាធ្វើចលនាយឺត និងស៊ីតែស្លឹកនៃដើមម៉្យាងដែលសម្បូរទៅប្រេងថែមទៀត។ មិនថាតែសត្វទេ មនុស្សយ៉ាងតិច​២០នាក់ ក៏បានបាត់បង់ជីវិតផងដែរ ដោយសារភ្លើងឆេះព្រៃនៅអូស្រ្តាលី ខណៈ១០នាក់បានទើបតែបាន​ស្លាប់ ក្នុងសប្តាហ៍នេះតែម្តង ស្របពេលដែលស្ថានការណ៍កាន់តែអាក្រក់ខ្លាំងឡើង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print