មួយរយៈនេះមន្ត្រីនគរបាលយុត្តិធម៍ដោះស្រាយរឿងព្រហ្មទណ្ឌ ដោះដូរត្រឹមសំណង និងសុំទោស អត់គិតពីបណ្តឹងអាជ្ញាសោះ

ចែករំលែក៖

ភ្នំពេញ៖ មានលក្ខណៈចម្លែកទៅៗ ឬមិនដឹងថា មន្ត្រីនគរបាលយុត្តិធម៍ខ្លះគាត់ចេះច្បាប់ដែរយ៉ាងណានោះទេ ខណៈមួយរយៈនេះរឿងបទល្មើសព្រហ្មទណ្ឌ កើតឡើងជាបន្តបន្ទាប់ សុទ្ធតែជាបទល្មើសប្រព្រឹត្តជាក់ស្តែង ផ្អើលក្នុងសង្គម ផ្អើលពេញ Facebook ប្រព័ន្ធផ្សពផ្សាយ ធ្វើអោយសីលធម៍សង្គមធ្លាក់ចុះ ទីបំផុតបានត្រឹមឃាត់ខ្លួនធ្វើកំណត់ហេតុស្តាប់ចម្លើយ ដោៈដូរបញ្ចប់រឿងត្រឹមសំណង ការសូមទោស រំលត់បណ្តឹងអាជ្ញាស្រួលៗ ហើយតំណាងអយ្យការវិញ សោះអង្គើយនឹងរឿងទាំងអស់នេះថែមទៀត ដែលគេយល់ឃើញថា៖ ការយកទម្លាប់មកធ្វើការ មិនសំអាងលើទិដ្ឋភាពច្បាប់ គឺជាចេតនារបស់មន្ត្រីនគរបាលយុត្តិធម៍ លើកទឹកចិត្តអោយមនុស្សប្រព្រឹត្តបទល្មើសបន្តទៀត ដោយមិនរាងចាល ហើយនិទណ្ឌភាពមិនត្រូវបានលុបបំបាត់។ ដាច់ខាតគួរតែកុំលើកក្នុងហេតុផលថា អ្នកប្រព្រឹត្តជា(អនីតិជន)អោយសោៈ ពីព្រោះ(អនីតិជន) ក៏មានការផ្តន្ទាទោសដែរ។ ដូច្នេះ មានសំណងរដ្ឋប្បវេណី មានការសូមទោស មានករណីដកពាក្យបណ្តឹងក៏ដោយ ក៏មន្ត្រីនគរបាលយុត្តិធម៍ ត្រូវបំពេញកាតព្វកិច្ច តាមតួនាទី ភារកិច្ច ឃាត់ខ្លួនជនសង្ស័យថាបានប្រព្រឹត្តបទមជ្ឈិម បទឧក្រិដ្ឋ កសាងសំណុំរឿងសំយោគបទល្មើសបញ្ជូនទៅតំណាងអយ្យការចាត់ការបន្តតាមនីតិវិធី។
ផ្ទុយទៅវិញភាពចន្លោៈប្រហោងនីតិវិធី របស់មន្ត្រីនគរបាលយុត្តិធម៍ បានធ្វើអោយបទល្មើសរាលដាល ដោយជនហ៊ានប្រព្រឹត្ត គិតថា វ៉ៃបង់លុយ វ៉ៃសូមទោស គឺគ្មានអ្វីត្រ័វខ្លាច បើអត់មានទោសទណ្ឌផងនោះ។
ជាក់ស្តែងយើងគ្រាន់តែលើកករណីបទល្មើសព្រហ្មទណ្ឌកន្លងមក ជាទិដ្ឋភាពពិត។ ទី១-យុវតីទំនើង នៅស្រុកមេសាង ខេត្តព្រៃវែង គាត់ប្រព្រឹត្តបំពានច្បាប់ ល្បីពេញប្រទេសដែលសង្គមស្អប់ខ្ពើម ទីបំផុតមន្ត្រីនគរបាលយុត្តិធម៍ ឃាត់ខ្លួន កសាងសំណុំរឿងទៅសាលាដំបូង ខេត្ត តំណាងអយ្យការដោះលែង ដោយសំអាងលើហេតុផលមានការសូមទោស និងជា(អនីតិជន) ។ ប៉ុន្តែច្បាប់មានចែងពីទោសទណ្ឌដែរតើអ្នកប្រព្រឹត្តទោះជា(អនីតិជន)ក៏ដោយ។ ក្នុងនោះ ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា២១៤ ថិរវេលានៃការឃុំខ្លួន បណ្តោះអាសន្នក្នុងបទមជ្ឈិមទាក់ទង និងអនីតិជន មានអាយុចាប់ពី១៤(ដប់បួន)ឆ្នាំ ដល់ក្រោម១៨ (ដប់ប្រាំបី)ឆ្នាំ ចំពោះអនីតិជន អាយុចាប់ពី ១៤(ដប់បួន) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី)ឆ្នាំ និងត្រូវចោទប្រកាន់ពីបទ មជ្ឈិម ថិរវេលាឃុំខ្លួន បណ្តោះអាសន្ន មានដូចតទៅ៖
១-ការឃុំខ្លួនបណ្តោះអាសន្ន មិនអាចលើសពី ២ (ពីរ)ខែ បានទេ កាលណាអនីតិជននេះ មានអាយុតិចជាង ១៦ (ដប់ប្រាំមួយ)ឆ្នាំ។
២-ការឃុំខ្លួនបណ្តោះអាសន្ន មិនអាចលើសពី ៤ (បួន)ខែ បានទេ កាលណាអនីតិជន មានអាយុចាប់ពី ១៦ (ដប់ប្រាំមួយ)ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី)ឆ្នាំ។
ថិរវេលា នៃការឃុំខ្លួនបណ្តោះអាសន្នតាមចំណុចទី១ និងចំណុចទី២ ខាងលើនេះ មិនត្រូវលើសពីពាក់កណ្តាលនៃ អប្បបរមានៃទោសដែលច្បាប់បានកំណត់សម្រាប់អនីតិជននោះឡើយ។ ផ្ទុយទៅវិញតំណាងអយ្យការអត់គិតពីទិដ្ឋភាពទាល់តែសោះ។ ទី២-កូនៗ ក្មួយៗ លោក ណី លី រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ លើកគ្នាទាំងពូជ ទៅវ៉ៃជនរងគ្រោះដល់បន្ទប់ថ្នាក់រៀន នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ជាបទល្មើសជាក់ស្តែង ក៏មន្ត្រីនគរបាលយុត្តិធម៍ខណ្ឌដង្កោ ដោះស្រាយបញ្ចប់ត្រឹម ការសូមទោស មិនឃាត់ខ្លួនក្រុមជនសង្ស័យ មិនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីបន្តតាមនីតិវិធី។ ទី៣-ក្មេងស្រីទំនើង៤នាក់មកពីសាលាទួន ហ្វា បាននាំគ្នាមកធ្វើទារុណកម្ម វ៉ៃ ទាត់ ធាត់ ធ្វើបាបយុវតីរងគ្រោះដល់បន្ទប់ថ្នាក់រៀន ដែលការប្រព្រឹត្តនេះ លក្ខណៈឃោឃៅ ប្រព្រឹត្តច្រើនដង មិនរាងចាល តែការឃាត់ខ្លួនក្រុមជនបង្ក ដោយនគរបាលខណ្ឌចំការមន និងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោះលែង ក្នុងរូបភាពដោៈដូរជាសំណង២០០០ដុល្លារ មិនបញ្ជូនខ្លួនទៅតុលាការ រហូតដល់មានមតិរិៈគន់ព្រោងព្រាតថា៖(វ៉ៃម៉ាឆ្អែតអស់លុយតែម្នាក់៥០០ដុល្លារ..!!..វ៉ៃបង់លុយៗ មានអីត្រូវខ្លាចប្រព្រឹត្ត បើអត់មានទោសផង…!!..)។
ការធូរលុងមិនរឹតបន្តឹងផ្លូវច្បាប់ ,នីតិវិធីមន្ត្រីនគរបាលយុត្តិធម៍នៅមានកម្រិត ,ចន្លោះប្រហោងផ្នែកច្បាប់ យកទម្លាប់មកធ្វើការ,ម្យ៉ាងទៀតតំណាងអយ្យការសោះអង្គើយផង ឃើញថា នេះជាកំហុសធ្ងន់ធ្ងរ ឬជាចេតនារបស់មន្ត្រីនគរបាលយុត្តិធម៍ លើកទឹកចិត្តអោយមនុស្សប្រព្រឹត្តបទល្មើសបន្តទៀត ដោយមិនរាងចាល ហើយនិទណ្ឌភាពមិនត្រូវបានលុបបំបាត់ឡើយ។ ជាការពិតបទល្មើសមជ្ឈិមប្រព្រឹត្តជាក្រុម ជនសង្ស័យត្រូវបានដោះលែងក្រោមលេស(អនីតិជន) ស្រាប់តែនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ សិស្សសាលា(AIS) បានវាយសម្លាប់សិស្សដូចគ្នា លើផ្លូវសាធារណៈ ក្នុងចំណោមក្រសែភ្នែកមហាជន ដែលជនៃដល់ និងជនរងគ្រោះសុទ្ធតែជា(អនីតិជន)ដដែល។
បញ្ហានេះគ្រោះថ្នាក់បំផុតក្នុងសង្គម បើអ្នកអនុវត្តច្បាប់ មិនមានឆន្ទៈលុបបំបាត់បទល្មើស តាមរយៈការមិនពង្រឹងនីតិវិធី ការស្រាវជ្រាវ សិក្សាពីហេតុ និងផល កម្រិតការទទួលខុសត្រូវនៃបទល្មើសនេះជាដើម៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print