ករណីឃាតកម្មរំលោភសម្លាប់ក្នុងចំការស្វាយចន្ទី ត្រូវបានសមត្ថកិច្ចបិទបាំងព័ត៌មាន?

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នារីរងគ្រោះម្នាក់ត្រូវបានម្តាយមីងដើររកឃើញដេកស្លាប់ ក្នុងរូបភាពស្លឹកស្វាយចន្ទីគ្របពីលើ រីឯខោវែងនិងខោក្នុងដោះចេញពីរាង្គកាយ និងមាន​ឈាមនៅក្នុងចំការស្វាយចន្ទី ដែលគេសង្ស័យថា ជាករណីឃាតកម្មរំលោភហើយសម្លាប់ចោល ខណៈកើតក្នុងអំឡុងរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០២ តែព័ត៌មាននេះត្រូវសមត្ថកិច្ចបិទបាំង រហូតបែកធ្លាយដំណឹងនេះនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ។

យោងតាមការរៀបរាប់ពីឈ្មោះ ឃួន ឃឿន ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិ​ដូនទ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរប្រមូលស្លឹកស្វាយចន្ទីបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៦៖៣០នាទីព្រឹក ខ្លួននិងក្មួយស្រីរបស់គាត់ឈ្មោះ គាន យ៉េន អាយុ២៣ឆ្នាំ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា​C-១២៥ សេ៊រីឆ្នាំ២០១០ ពណ៌ខ្មៅ ចេញដំណើរពីភូមិដូនទ ឃុំសូភាស ស្រុកស្ទឹងត្រង់ ទៅកាន់ទីតាំងនៅចំណុចភ្នំក្រហម ស្ថិតនៅភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ នៅពេលមកដល់ចំការដែលមានព្រំប្រទល់ជាប់ចំការស្វាយចន្ទីក្មួយស្រី ចំងាយប្រមាណ៣០០ម៉ែត្រ បានបែកគ្នាដើម្បីដើរប្រមូលស្លឹកស្វាយចន្ទីក្នុងចំការរៀងៗខ្លួនដូចសព្វដង ។

អ្នក មីង ឃួន ឃឿនបន្តថា​ លុុះរហូតដល់វេលាម៉ោង១១ថ្ងៃត្រង់ គាត់បានដើរមកចំការស្វាយចន្ទីរបស់ក្មួយស្រី ហៅក្មួយស្រីទៅផ្ទះវិញ  តែមិនឃើញក្មួយស្រី ខ្លួនក៏ស្រែក​ហៅតែមិនព្រមតបឆ្លើយសោះ ក៏ដើរត្រឡប់មកចំការរបស់ខ្លួនវិញ ។ លុះរហូតដល់ម៉ោងប្រមាណ១៤រសៀល ខ្លួនក៏ដើរមកចំការរបស់ក្មួយស្រីម្តងទៀត នៅតែរកមិនឃើញ ក៏បន្តដើរស្វែងរកក្នុងចំការទៀត ស្រាប់តែឃើញឈាមដក់លើដី ឯក្មួយស្រីដេកស្តូកស្តឹងក្នុងចំការស្វាយចន្ទី ក្នុងរូបភាពស្លឹកស្វាយចន្ទីគ្រប់ពីលើ រីឯខោវែងនិងខោក្នុង ត្រូវបានដោះចេញពីរាង្គកាយ និងបានពិនិត្យមើលមិនមានដង្ហើមដក ។

បើតាមសម្តីរបស់មីង ឃួន ឃឿន បញ្ជាក់ថា ក្មួយរបស់គាត់ប្រាកដជាត្រូវជនខិល​ខូច​ធ្វើសកម្មភាពចាប់រំលោភរួចហើយសម្លាប់បំបិទមាត់ចោលតែម្តង ។ តាមរយៈលើកដៃសំពះ អ្នកមីងសុំការអន្តរាគម​ន៍ឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយរកយុត្តិធម៌ជូនគ្រួសារគាត់ផង ។

ទីបំផុត ករណីនេះបានលេចឮក្នុងលក្ខណៈបិទបាំង តាមរយៈចែករំលែកព័ត៌មានតៗគ្នា ដែលបានកត់ត្រាទុកក្នុងកំណត់ហេតុរបស់សមត្ថកិច្ចសន្និដ្ឋានថា សពនារីរងគ្រោះមិនស្ថិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទេ (គ្មាន) និងករណីគ្រោះថ្នាក់ផ្សេងៗគ្មានដែរ  ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print