ភ្នំពេញ៖ មានករណីផឹកសុីមួយ កាលពីម៉ោង ៨ និង១០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ឈានដល់ផ្ទុះអាវុធ បណ្ដាលឲ្យបុរសម្នាក់រងរបួស។ ហេតុការណ៍នេះ កើតចេញពីវង់ផឹកស៊ី នាំគ្នាអួតរឿងកាំភ្លើង ដកចុះឡើងៗ នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បុរសរងគ្រោះ ឈ្មោះ ឃិន ឆៃយ៉ា ជាអ្នកដើរទិញអេតចាយ ស្នាក់នៅភូមិម័ល សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បុរសនេះ រងរបួសជើងឆ្វេង។
មុនពេលកើតហេតុ ជនរងគ្រោះ កំពុងលេងបុកប៊ីយ៊ែរ។ ចំណែកក្រុមជនសង្ស័យ កំពុងអង្គុយផឹកស៊ី មានគ្នាប្រហែល ៤ ទៅ ៥នាក់។ ក្រុមអ្នកផឹកស៊ីនេះ បានដកកាំភ្លើង មកអួតគ្នា ចុះឡើង ក៏មានបុរសម្នាក់ ឈ្មោះ ណូ បានទាញកាំភ្លើងពីបុរសម្នាក់ទៀត មកបាញ់ផ្ទុបដី បណ្ដាលឲ្យផ្លាតចំជនរងគ្រោះតែម្ដង។
ក្រោយបង្កហេតុភ្លាមៗ ក្រុមអ្នកផឹកស៊ី ក្លែមកាំភ្លើង រត់ចែកជើងគ្នា ចោលតុផឹក។ រីឯជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ៕ដោយ៖ ជឹម ភារ៉ា