ខេត្តរតនគិរី៖ ៖ នាឱកាសថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤-២៥និង២៦មករា ឆ្នាំ២០២០កន្លងទៅនោះមានភ្ញៀវជាតិ និងអន្តរជាតិដែលចូលមកទស្សនា និងដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាលើទឹកដីខេត្តរតនគិរីមានចំនួន១៧.៨៩០នាក់ នេះមានការធ្លាក់ចុះ៣,៦២%បើប្រៀបធៀបឆ្នាំ២០១៩មានភ្ញៀវសរុប១៨.៥៦២នាក់។
លោក ង៉ែត ពិទូប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងថាមូលហេតុនៃការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍ឆ្នាំនេះគឺដោយសារភ្ញៀវភាគច្រើនបានទៅលេងកម្សាន្ត នៅខេត្តព្រះ
សីហនុនិងខេត្តសៀមរាបវិញបន្ទាប់ពីខេត្តទាំងពីរនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តារឡើងវិញវិស័យទេសចរណ៍មានភាពល្អប្រសើរឡើងនោះ។
លោកថា បើទោះបីជាចំនួនភ្ញៀវមានការធ្លាក់ចុះបន្តិចក្តីក៏សង្កេតឃើញនៅកន្លែងរមណីដ្ឋានធម្មជាតិមួយចំនួនដូចជាបឹងយក្ខឡោម, ទឹកធ្លាក់កាចាញ, ទឹកធ្លាក់ចាអ៊ុង, ទឹកធ្លាក់៧ជាន់អូរសុិនលែ, និង រមណីដ្ឋានបឹងលំគុដជាដើម ប្រជាពលរដ្ឋខ្មែរមួយចំនួនជាប់សែស្រឡាយចិនមកពីទីជិតឆ្ងាយ និងភ្ញៀវអន្តរជាតិបាននាំគ្នាទៅលេងកម្សាន្តនៅតំបន់ទាំងនោះដោយមនោសញ្ចេតនាសប្បាយរីករាយយ៉ាងក្រៃលែងផងដែរ។
លោក បន្តថាខេត្តរនគិរីដែលមានឯកឧត្តម ថង សាវុន ជាអភិបាលខេត្តនិងសុខ ទុក្ខរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺជាកាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់ស្ថាប័នដើម្បីបំរើរាស្រ្ត ក្នុងគោលបំណងរួមចំណែកការអភិវឌ្ឍន៍ ខេត្តនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី។
ក្រោមម្លប់នៃសន្តិភាព និង កិច្ចខំប្រឹងប្រែងរបស់ ឯកឧត្តម ថង សាវុន បានយកចិត្តទុកដាក់អភិវឌ្ឍន៍ ខេត្តមួយនេះមានការីកចំរើនលើគ្រប់វិស័យ ផងដែរ។
លោកថាក្នុងសម័យតេជោ នេះ យើងឃើញមានបងប្អូនភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើរ តាមរថយន្តក្រុង និងមានរថយន្តទំនើបៗ ទៅទស្សនាតាមតំបន់អេកូទេសចរណ៍និងភូមិដ្ឋានសហគមន៍ជនជាតិដើមភាគតិចជាច្រើនកន្លែងដើម្បីស្វែងយល់ពីវប្បធម៌ប្រពៃណីនិងការរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តភាគឥសាន្តមួយនេះទៀផងដែរ ។
ហើយក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យខេត្តរតនគិរីមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ សំខាន់គឺវិស័យទេសចរណ៍ ដោយមានហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត មានប្រព័ន្ធផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ផ្សាររាត្រី ផ្សារទំនើប ជាដើមជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យភ្ញៀវទេសចរមកលេងម្ដងហើយចង់មកលេងម្ដងទៀត។
បើទោះពីបុណ្យចូលឆ្នាំចិនមិនមែនពិធីបុណ្យជាតិរបស់ខ្មែរក៏ពិតមែន តែនៅកម្ពុជា មានបងប្អូនខ្មែរជាប់ខ្សែស្រឡាយចិនច្រើន ដូច្នេះហើយបានជាបងប្អូនប្រជាពលរដ្ឋខែ្មរបានដើរទៅកំសាន្តនៅតាមរមណីដ្ឋាននានាជាពិសេសនៅខេត្តរតនគិរីមានរមណីដ្ឋានសម្រាប់សម្រាកលំហែកាយ កម្សាន្តច្រើនតាមបែបធម្មជាតិ ទៀតផង។៕
ដោយ ជីវ័ន្ត