ម៉ូតូ២គ្រឿងបុកគ្នាលើផ្លូវជាតិលេខ៦ ស្លាប់គរលើគ្នាទាំង៤នាក់ភ្លាមៗ

ចែករំលែក៖

ខេត្តសៀមរាប ៖ យ៉ាងតិចមានមនុស្សចំនួន៤នាក់បានស្លាប់ភ្លាមៗ ដោយសារតែពួកគេបានជួបគ្រោះថ្នាក់ចរា​ចរណ៍​ រវាងម៉ូតូនិងម៉ូតូ នៅលើផ្លូវជាតិលេខ៦ ក្នុងទិសដៅបញ្ច្រាស់គ្នា ត្រង់ចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគងលើ កាលពីវេលានៅម៉ោង៧៖១០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ ។

នៅកន្លែងកើតហេតុគេឃើញមធ្យោបាយពាក់ព័ន្ធបង្កគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ផ្លាកលេខសៀមរាប ១C-៦៤៨៣  ដែលបើកបរដោយឈ្មោះទីត ថន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិយាងទេស ឃុំខ្ចាស់ ស្រុកសូទ្រនិគមន​ ខេត្តសៀមរាប បានបាត់​បង់ជីវិតនៅកន្លែងកើតហេតុ ។ រីឯមធ្យោបាយធ្វើដំណើរមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌​ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខសៀមរាប ១U-៦៣៥៨ បើកបរដោយឈ្មោះ ជៀប ជិនភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង បានបាត់បង់ជីវិត និងអ្នករួមដំណើរ២នាក់ទៀត ក៏បានបាត់បង់ជីវិតដូចគ្នា ។

ករណីនេះ បើតាមអ្នកឃើញហេតុការណ៍និយាយថា ភាគីបើកបរម៉ូតូឈ្មោះ ទីត ថន បើកបរក្នុងល្បឿនលឿន ស្ថានភាពជែងរថយន្តនៅខាងមុខ បែបមិនផុតក៏ជ្រុលចង្កូតបុកជាមួយម៉ូតូមួយគ្រឿងទៀតបើកបរដោយ​ឈ្មោះ ជៀប ជិននេះតែម្តង បណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រហូតមានមនុស្សស្លាប់យ៉ាងរន្ធត់ ។

សពជនរងគ្រោះត្រូវបានគេស្គាល់១-ឈ្មោះស្ងួន ជៀប ភេទប្រុសអាយុ៦៨ឆ្នាំ(ស្លាប់) និង ២-ឈ្នោះ ខាត់ ព្រេក ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិត្រាងឃុំកណ្តែកស្រុកប្រាសាទបាគង(ស្លាប់) និង២នាក់ទៀតមិនស្គាល់ឈ្មោះ ។

សមត្ថកិច្ចបានចុះមកវាស់វែងធ្វើកំណត់ហេតុ ខណៈភាគីទាំងសងខាងបានស្លាប់អស់ ។ សពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ មធ្យោបាយធ្វើដំណើរយករក្សាទុកនៅអធិការនគបាលស្រុកប្រាសាទបាគងដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print