មន្ត្រីកាំកុងត្រូលរកឃើញអាហារ២មុខមានសារធាតុគីមីបូរ៉ាក់ និង៤មុខសង្ស័យជាប់កាកសំណល់ថ្នាំគីមីសម្លាប់សត្វល្អិត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ រកសារធាតុគីមីបូរ៉ាក់ នៅលើម្ហូបអាហារចំនួន២មុខនិង៤មុខសង្ស័យជាប់កាកសំណល់ថ្នាំគីមីសម្លាប់សត្វល្អិត ខណៈមន្ត្រីធ្វើតេស្តលើម្ហូបអាហារ៤៣មុខនារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងផ្សាររ៉ា ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការយកគំរូមុខទំនិញម្ហូបអាហារ មានត្រី សាច់ បន្ថែ ឡូត បាញ់ឌុក ផ្លែឈើ និងគ្រឿងសមុទ្រ ដែលបានដកហូតមកពីផ្សាររ៉ា នៅក្រុងប៉ោយប៉ោយប៉ែត ភាគច្រើនអាជីវករនាំចូលពីប្រទេសថៃ និងមួយចំនួនតូចដាំដុះនៅលើក្នុងស្រុក ឃើញថា ការធ្វើតេស្តជាបឋមនៅមន្ទីរពិសោធន៍ខ្នាតតូចនៅក្រុងប៉ោយប៉ែត ទាំង៤៣មុខ រកឃើញ២មុខលាយសារធាតុគីមីបូរ៉ាក់ក្នុងកំរិតច្រើន ដាក់នៅលើនំបាញ់ឌុក និងសសៃឡូត។ ការដាក់នៅក្នុងនំបាញ់ឌុកនិងបង្អែមលតនេះ ត្រូវបានរកឃើញ រួចធ្វើការណែនាំដល់អាជីវករជាច្រើនដងហើយដែរ ។ដែលមានទីតាំងផលិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយឥឡូវនៅតែមានលាយសារធាតុគីមីបូរ៉ាក់នេះ នៅក្នុងនំបាញ់ឌុក និងបង្អែមលតដដែល។
លោកបន្ថែមថា និងតាមដានឲ្យស៊ីជម្រៅនៅទីតាំងផលិតនោះ ហើយនិងអនុវត្តជាក់ស្តែងទៅតាមទំហំនៃការផលិតនោះ ជាមួយនិងអាជីវករ។ ការទទួលទានចំណីអាហារដែលមានសារធាតុគីមីបូរ៉ាក់នេះ ធ្វើឲ្យប៉ះពាល់ក្រពះ ពោះវៀន ងងឹតមុខ ឈឺក្បាល វិលមុខ ឆ្អល់ពោះ បើសភាពធ្ងន់ធ្ងរអាចបាត់បង់ផ្លូវបន្តពូជ កើតជំងឺមហារីក បើសិនទទួលទានវាសុទ្ធត្រឹម៥ក្រាម សំរាប់កូនក្មេង និង១៥ក្រាមសំរាប់មនុស្សចាស់ វានិងក្អួតឈាមរហូតស្លាប់តែម្តង។
លោកសាន វិជ្ជសារ៉ាវុធ បញ្ជាក់ថា ក្រៅពីបាញ់នំបាញ់ឌុក និងបង្អែមលត មានផ្លែឈើចំនួន ៤មុខទៀត ដូចជាផ្លែប៉ម ផ្លែស្តូបឺរី ផ្លែសារី និងក្តិបឪឡឹក ដែលការធ្វើតេស្តបឋមវាមានពណ៌ដែលធ្វើឲ្យមានការសង្ស័យថាមានជាប់កំណកថ្នាំគីមីសម្លាប់សត្វល្អិត ក្រោយពីពិនិត្យផ្លែឈើទាំងនេះ និងយកទៅពិសោធន៍បន្ថែមទៀតនៅមន្ទីរពិសោធន៍ខ្នាតធំ នៅអគ្គនាយកដ្ឋានកាំកុងត្រូលរាជធានីភ្នំពេញ។
ថ្នាំសម្លាប់សត្វល្អិតនេះ ប៉ះពាល់ដល់អ្នកទទួលទាន ធ្វើឲ្យស្រវាំងភ្នែក ក្អួតចង្អោ ថប់ដង្ហើម បើករណីធ្ងន់ធ្ងរអាចសន្លប់ផងដែរ ៕ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print