សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅរសៀលថ្ងៃពុធនេះ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរសារប្រកាសប្រាប់មហាជននៅលើទំព័រហ្វេសប៊ុកថា នៅរសៀលថ្ងៃពុធនេះ សម្តេចនឹងដឹកនាំគណប្រតិភូកម្ពុជាចាកចេញពីប្រទេសកូរ៉េខាងត្បូងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន មុនធ្វើដំណើរវិលត្រឡប់មកកាន់មាតុភូមិកម្ពុជាវិញ ។ សម្តេចបានថ្លែងសារ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយនិស្សិតនៅទីក្រុងវូហាន​ ដែលតែងគោរពស្រឡាញ់សម្តេចនិងចង់អោយសម្តេចមានសុខភាពល្អ ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការណ៍របស់សម្តេចតេជោបានសរសេរទៀតថា តាមគម្រោងនៅថ្ងៃទី៥កុម្ភៈនេះ សម្តេចគ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ដើម្បីទៅសួរសុខទុក្ខកូនក្មួយជានិស្សិតខ្មែរទាំង២៣នាក់ ដែលកំពុងសិក្សានៅទីនោះ ។ សម្តេចបានសរសេរថាប្រាប់បន្តថា  មកទល់ម៉ោង១១៖០០យប់មិញ ទើបក្រសួងការបរទេសចិនឆ្លើយតបថា មិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់សម្តេចទៅកាន់ទីក្រុងវូហានបានទេ ដោយសារតែនៅទីក្រុងវូហានបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយសម្រាប់និស្សិតវិញ ក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានដែរ ។

សម្តេចបានសរសេរបញ្ជាក់ថា ដោយសារមិត្តចិនយល់អំពីការព្រួយបារម្ភអំពីសុខភាពរបស់សម្តេចនិងពលរដ្ឋជានិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសចិន ទើបនៅព្រឹកមិញនេះខាងរដ្ឋាភិបាលចិនបានអនុញ្ញាតឲ្យសម្តេចធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួរសមជាមួយភាគីមិត្តចិន និងបានស្វែងយល់អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនចំពោះបងប្អូន និងកូនក្មួយសិស្សនិស្សិតខ្មែរយើងដែលកំពុងរស់នៅនឹងសិក្សានៅក្នុងទីក្រុងវូហាន ក៏ដូចជានៅទូទាំងប្រទេសចិន ។

បើទោះដំណើរទៅកាន់ទីក្រុងវូហានត្រូវអាក់ខានយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរគូសបញ្ជាក់យ៉ាងដូច្នេះថា នៅរសៀលនេះ សម្តេចនឹងដឹកនាំគណប្រតិភូកម្ពុជាចាកចេញ​ពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅកាន់ទីក្រុងប៉េកាំង មុននឹងធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។ សម្តេចសូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលគោរពស្រឡាញ់ខ្ញុំ និងចង់អោយខ្ញុំមានសុខភាពល្អ ។

សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសិស្សនិស្សិតដែលកំពុងរស់នៅក្នុងទីក្រុងវូហាន និងនៅក្នុងប្រទេសចិនទាំងអស់ជួបតែសេចក្តីសុខ សំណាងល្អ និងចៀសផុតពីជំងឺទាំងឡាយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print