ខេត្តកំពង់ឆ្នាំង: បុរសម្នាក់ខណៈផឹកស្រាស្រវឹងស្រាជោកបានដុតផ្ទះខ្លួនឯងឆេះម៉ត់គ្មានសល់ បង្កាករភ្ញាក់ផ្អើលដល់អ្នកភូម និងសមត្ថកិច្ចកាលពីវេលាម៉ោង ១១ និង ២០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិ៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង ។
មន្រ្តីនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អឹម សុឌី ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង(ម្ចាស់ផ្ទះ)។ មុនពេលកើតហេតុបុរសនេះបានផឹកស្រវឹងស្រាវង្វេងស្មារតី រួចបានកេះដែកកេះដុតផ្ទះខ្លួនឯងធ្វើអំពីឈើ ប្រក់ស័ង្កសី មានទំហំ ៥ម×៦ម ឆេះទាំងស្រុង និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះអស់គ្មានសល់តែម្តង។
ប្រភពដដែលបានងោយដឹងទៀតថា ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី ខណៈសមត្ថកិច្ចអះអាងថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់សារធាតុញៀនម្ដងហើយ ។
ក្នុងពេលមានអគ្គិភ័យនេះដែរ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានចេញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងទៅបាញ់ទឹកពន្លត់ ទើបមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ៕ ចន្ថា