ពលករខ្មែរម្នាក់បានស្លាប់ ក្នុងចំណោម១២នាក់រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ

ចែករំលែក៖

ប្រទេសថៃ ៖ ពលករខ្មែរចំនួន១២នាក់ ជិះតាមរថយន្តដឹកអ្នកដំណើរមួយគ្រឿងបានស្លាប់បាត់បង់ជីវិតម្នាក់ និង១១ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈដែលពួកគេទាំងអស់គ្នា បានម៉ៅរថយន្តនេះចេញដំណើរពីស្រុកអារញ្ញប្រាថេត ក្នុងខេត្តស្រះកែវ ទៅកាន់រោងចក្រមួយកន្លែង ក្នុងខេត្តសុងខ្លា ហើយក៏បានជួបនឹងឧប្បទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ ដោយសភាពផ្លូវរអិល ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនមូលនិធិ មិត្តភាព សាមគ្គី ហាតយ៉ៃ បានបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៧ និង ៣០ នាទី ព្រឹក ថ្ងៃទី​១៨ ខែកុម្ភះ ឆ្នាំ២០២០ ដោយ រថយន្តម៉ាកតួរីស ​ដឹក​ពលករ​ខ្មែរ ចំនួន ១២ នាក់ ​ពី​ព្រំដែន​អារញ្ញ​ប្រាថេត ​ទៅ​ខេត្ត​សុងខ្លា​ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ តាម​ផ្លូវ​បណ្ដាល​ឲ្យ​ពលការិនីខ្មែរ​ស្លាប់បាត់បង់​ជីវិត​ ០១នាក់​ របួស​ធ្ងន់ស្រាល ១១នាក់​ ។

​ហេតុការណ៍​នេះ​បាន​កេីត​ឡើង​នៅ​ម្ដុំ​ផ្លូវ​ជាតិ​អេសៀររ៉ាត់តៈភូមិ​ ស្ថិត​នៅ​ក្នុង​ភូមិ​៤​ សង្តាត់ថាឆាង​ ​ស្រុកបាង​ក្លាំ​ ខេត្ត​សង់ក្លា​ ប្រទេស​ថៃ​។ យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ឈ្នួល​ខាង​លើ​បាន​ធ្វើ​ដំណើរ​ទៅទទួល​ពលករខ្មែរចំនួន១២នាក់​ ​ពី​ព្រំដែន​ស្រុក​អារញ្ញ​ប្រាថេត​ ក្នុងខេត្តស្រះកែវ ដេីម្បី​បន្ត​ដំណើរ​ទៅ​ខេត្ត​ សុងខ្លា ប៉ុន្ដែ​អកុសល​រថយន្ត​ឈ្នួល​ខាង​លើ​បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​សណ្ដោង​តាម​ផ្លូវ ដែលឈប់សំចត​បណ្ដាល​ឲ្យ​មាន​មនុស្ស​​ស្លាប់ ​និង​រង​របួស​ជា​ច្រើន​នាក់​ បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បាងក្លាំ​ និង​មន្ទីរពេទ្យ​ហាតយ៉ៃ ខេត្ដសង់ក្លា ។

នៅកន្លែងកើតហេតុនោះដែរ គេសង្គេតឃើញអ្នកបើកបររថយន្តធំឈ្មោះ​ ផុងសាក់ ច័ន្ទថន កំពុងឈររេរារង់ចាំសមត្ថកិច្ចហៅទៅសាកសួរ ដោយលោកមិនបានគេចខ្លួនទៅណានោះទេ ។ ដោយឡែក អ្នកបើកបររថយន្តតួរីសឈ្មោះ វ៉ាត់រិន ផៈកៈម៉ា អាយុ ៥៣ ឆ្នាំ ដែលបានរងរបួសស្រាល បាននិយាយថា រថយន្តរបស់លោកត្រូវបានគេជួលអោយដឹកពលករខ្មែរស្របច្បាប់ ពីព្រំដែនថៃ កម្ពុជា ក្នុងស្រុកអារញ្ញប្រាថេត ទៅកាន់រោងចក្រផលិតអាហារសមុទ្រ មួយកន្លែង ក្នុងខេត្តសុងខ្លា ។

លោកបានបន្តថា លុះមកដល់ត្រង់ចំណុចកើតហេតុ គឺលោកក៏បានឃើញដែរ ចំពោះរថយន្តធំដែលកំពុងឈប់នៅលើផ្លូវផ្នែកខាងឆ្វេងដៃ ( ថៃប្រកាន់ឆ្វេង ) ដោយលោកបានបួងចង្កូតងាកទៅខាងស្តាំដើម្បីឡើងជែងរថយន្តនោះ ប៉ុន្តែដោយសារផ្លូវទើបភ្លៀងរួច ហាក់បីដូចជាមានសភាពរអិល គឺរថយន្តរបស់លោកមិនអាចគេចផុតពីរថយន្តធំ ទើបធ្វើអោយជញ្ជាំងមួយចំហៀងផ្នែកខាងឆ្វេង ត្រូវច្រៀកខ្ទេចគ្មានសល់ ទើបបង្កអោយមានបញ្ហាបែបនេះ ។

បច្ចុប្បន្នតម្រួតថៃកំពុងធ្វើការយ៉ាងសស្រាក់សស្រាំហើយចំពោះបញ្ហាខាងលើនេះ ក្នុងការដោះស្រាយទៅលើអាយុជីវិតពលករខ្មែរទាំងស្លាប់ និង របួស ដោយសារតែពួកគេសុទ្ធតែជាពលករដែលចូលទៅបម្រើការងារស្របច្បាប់ទាំងអស់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print