ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសារាចរណែនាំ ស្តីពីវិធានការទប់ស្កាត់ជំងឺផ្តាសាយបក្សី ខណៈជំងឺផ្តាសាយបក្សី AH5N1 កំពុងផ្ទុះឡើងវិញ នៅប្រទេសវៀតណាម ស្របពេលបច្ចុប្បន្នពិភពលោកកំពុងតែជ្រួលច្របល់ភ័យខ្លាចមេរោគកូរ៉ូណា ឬហៅថា Covid-19 ។ នេះបើផ្អែកតាមប្រភពព័ត៌មានរបស់ប្រទេសវៀតណាមកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅខេត្តត្រាវិញភាគខាងត្បូង មានការការផ្ទុះជំងឺផ្តាសាយបក្សី AH5N1 ហើយត្រូវបានកម្ទេចសត្វមាន់ប្រមាណជាង៥៥.០០០ក្បាល ។
យោងតាមសារាចរណែនាំរបស់ក្រសួងកសិកម្មចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី ត្រូវទប់ស្កាត់ការចរាចរណ៍បក្សី និងផលិតផលនាំចូលពីប្រទេសវៀតណាម និងតំបន់មួយចំនួនទៀតក្នុងផ្ទែប្រទេស ដោយតម្រូវឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ជាពិសេសខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម ត្រូវមានការទទួលខុសត្រូវប្រកបដោយតម្លាភាព ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី និងត្រូវអនុវត្តវិធានការ៩ចំណុចដូចខាងក្រោមនេះ ៖
១-ត្រូវពង្រឹងការទប់ស្កាត់ការនាំចូលបក្សី និងផលិតផលពីបក្សីខុសច្បាប់ដែលឆ្លងកាត់តាមច្រកព្រំដែន តាមអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែ និងពីខេត្តមួយទៅតំបន់មួយ ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសសមត្ថកិច្ចច្រកចេញតាមព្រំដែន ។ ក្នុងករណីមិនអនុវត្តត្រឹមត្រូវ ឬមានការថ្លោះធ្លោយដោយប្រការណាមួយ មន្ទីរកសិកម្មរុក្ខា និងនេសាទ ក៏ដូចជាការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ត្រូវទទួលខុសត្រូវចំពោះមុខក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចំពោះមុខច្បាប់ ។
២-អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវបង្កើនការត្រួតពិនិត្យចរាចរណ៍សត្វ និងផលិតផលសត្វបន្ថែមទៀត ដោយសហការជាមួយមន្ទីរ រុក្ខា និងនេសាទ ក៏ដូចជាការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត អាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ ។
៣-ពង្រឹងការអនុវត្តវិធានការជីវសុវត្ថិភាពឱ្យបានហ្មត់ចត់នៅគ្រប់កសិដ្ឋានចិញ្ចឹមបក្សី កន្លែងចិញ្ចឹម បក្សី កន្លែងប្រមូលផ្តុំបក្សី កន្លែងអាជីវកម្មបក្សី និងសត្តឃាតដ្ឋានបក្សី ព្រមទាំងបង្កើនការអង្កេត តាមដាន ឃ្លាំមើល ត្រួតពិនិត្យសុខភាពបក្សីនៅទូទាំងប្រទេស និងចាត់វិធានការឱ្យបានទាន់ពេលវេលា ក្នុងករណីសង្ស័យផ្ទុះជំងឺផ្តាសាយបក្សី ។
៤-រាល់ការចរាចរបក្សី និងផលិតផលពីបក្សី ត្រូវមានលិខិតអនុញ្ញាត វិញ្ញាបនបត្រអនាម័យ និងផលិតផលសត្វ ស្របតាមបទដ្ឋានបច្ចេកទេស និងត្រូវស្ថិតក្រោមការត្រួតពិនិត្យសុខភាពសត្វ និងអនាម័យសត្វពីមន្ត្រីជំនាញបសុពេទ្យនៅចំណុចដើមទីឱ្យបានត្រឹមត្រូវ ។
៥-មុនចេញវិញ្ញាបនបត្រអនាម័យសត្វ និងផលិតផលសត្វ ជាពិសេសបក្សី និងផលិតផលបក្សី ត្រូវ ពិនិត្យសុខភាពសត្វ និងអនាម័យសត្វឱ្យបានត្រឹមត្រូវ ព្រមទាំងស្គាល់ប្រភពបក្សីឲ្យបានច្បាស់លាស់ ងាយស្រួលក្នុងការតាមដាននិងគ្រប់គ្រងជំងឺ ។
៦-ត្រូវអនុវត្តវិធានការជីវសុវត្ថិភាពដោយលាងសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគតាមលក្ខណៈ បច្ចេកទេសលើមធ្យោយបាយដឹកជញ្ជូនសត្វ ជាពិសេសមុននិងក្រោយដឹកជញ្ជូនបក្សី ។
៧-ត្រូវបង្កើនការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កសិករចិញ្ចឹមបក្សី ម្ចាស់កសិដ្ឋាន ចិញ្ចឹមបក្សី ម្ចាស់សត្តឃាតដ្ឋានបក្សី អ្នកពិឃាតបក្សី អ្នកធ្វើអាជីវកម្មទិញ-លក់បក្សី និងផលិតផលពីបក្សី ត្រូវយកចិត្តទុកដាក់ធ្វើអនាម័យ បាញ់ថ្នាំសម្លាប់មេរោគ និងអនុវត្តវិធានការជីវសុវត្ថិភាព ក្នុងការចិញ្ចឹមបក្សី និងផលិតផលពីបក្សី សកម្មភាពពិឃាតបក្សី និងកន្លែងតាំងលក់នៅទីផ្សារ ជាពិសេសផលប៉ះពាល់នៃជំងឺផ្តាសាយបក្សី និងវិធានការទប់ស្កាត់ជំងឺផ្តាសាយបក្សី ។
៨-ធ្វើការសហការជាមួយភាគីនៃប្រទេសវៀតណាម ក្នុងការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងជំងឺផ្តាសាយបក្សី ចរាចរណ៍បក្សី និងផលិតផលពីបក្សី ដើម្បីទប់ស្កាត់ជំងឺផ្តាសាយបក្សីឲ្យមានប្រសិទ្ធភាពខ្ពស់ ។
៩-ករណីមានការសង្ស័យជំងឺផ្ដាសាយបក្សី សូមទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍ដែលមានលេខទូររស័ព្ទ០១២ ២១៤ ៩៧០ ។
គួរបញ្ជាក់ថា ការដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ ចេញសារាចរណែនាំ ស្តីពីវិធានការទប់ស្កាត់ជំងឺផ្តាសាយបក្សទាំង៩ចំណុចខាងលើនេះ ខណៈជំងឺផ្តាសាយបក្សី AH5N1 កំពុងផ្ទុះឡើងវិញនៅប្រទេសវៀតណាម ហើយស្របពេលដែលបច្ចុប្បន្នពិភពលោកកំពុងតែភ័យខ្លាចមេរោគកូរ៉ូណា ឬហៅថា Covid-l19 ។ នេះបើផ្អែកតាមប្រភពព័ត៌មានរបស់ ប្រទេសវៀតណាមកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅខេត្តត្រាវិញភាគខាងត្បូង មានការការផ្ទុះជំងឺផ្តាសាយបក្សី AH5N1 ហើយត្រូវបានកម្ទេចសត្វមាន់ប្រមាណជាង៥៥.០០០ក្បាល ៕ ដោយ ៖ ជាយក្រុង