ភ្នំពេញៈ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើចរាចរនិងរៀបចំសណ្តាប់ធ្នាប់នៅលើដងនានាក្នុងភូមិសាស្ត្រខណ្ឌអោយមានរបៀបរៀបរយ នៅវេលាម៉ោង៤ព្រឹកព្រលឹមថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០១៩អាជ្ញាធរខណ្ឌច្បារអំពៅបានចុះបោសសំអាតផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ដោយមានការណែនាំពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកស្រេង គឹមស្រ៊ន នាយករងរដ្ឋបាលសាលាខណ្ឌ បានដឹកនាំកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ប្រចាំសាលាខណ្ឌបានចុះ រៀបចំសណ្តាប់ធ្នាប់និងសម្អាតបរិស្ថានកើបដី ខ្សាច់ចេញពីលើផ្លូវជាតិលេខ១ ដែលខ្សាច់ទាំងនេះធ្លាក់ចេញពីរថយន្តដឹកខ្សាច់ចេញពីដេប៉ូលក់ខ្សាច់និងបូមខ្សាច់នៅចំនុចភូមិបឹងស្នោ សង្កាត់និរោធ ។ ក្នុងនោះក្រុមសន្តិសុខប្រចាំនៅសាលាខណ្ឌច្បារអំពៅបាននាំគ្នាបោសសំអាតដីខ្សាច់ដែលធ្លាកមកលើផ្លូវ ធ្វើអោយប៉ះពាល់ដល់បរិស្ថាន និង ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ១ ជាពិសេសនៅតំបន់ស្មុគ្រស្មាញ ដូចជាផ្សារព្រែកឯង និងផ្សារច្បារអំពៅ ។ ដីខ្សាច់ទាំងអស់នេះធ្លាក់ចេញពីឡានដឹកខ្សាច់ និងឡានដីកដី ព្រោះនៅក្នុងភូមិសាស្ត្រសង្កាត់និរោធ និងសង្កាត់វាលស្បូវ សំបូរទៅដោយដេប៉ូលក់ខ្សាច់និងទីតាំងក្រឡុកស៉ីម៉ង់ត៍ ។
សូមបញ្ជាក់ថាបញ្ហាសណ្តាប់ បរិស្ថាន អនាម័យ នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅមានភាពស្មុគ្រស្មាញគឺនៅតាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់តំបន់ច្រាំងបាក់សំបូរទៅដោយដេប៉ូលក់ឈើហើយរថយន្តដឹកឈើប្រភេទយីឌុប ភ្លៅ៤ ភ្លៅ៥ ចូលចតទាំងថ្ងៃទាំងយប់ មួយផ្នែកទៀតនៅតំបន់ផ្សាចាមក្នុងសង្កាត់ព្រែកប្រាក៍កំពុងតែធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ផងដែរ ។ ដោយឡែកនៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលជាផ្លូវសេដ្ឋកិច្ចដ៍សំខាន់មានភ្ញៀវទេសចរណ៍អន្តរជាតិឆ្លងកាត់ជារៀងរាល់ថ្ងៃ ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅយកចិត្តទុកដាក់ចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ ។
ទោះជាមានការយកចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់និងបរិស្ថានអនាម័យយ៉ាងណាក៍ដោយ អ្នកលក់ដូរមួយចំនួននៅមិនទាន់ចូលរួមជាមួយអាជ្ញាធរឡើយ ពោលគឺនៅតែរំលោភលើដីចំណីផ្លូវដាក់តាំងលក់ទំនិញសព្វសារពើរដដែល ជាពិសេសក្នុងសង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯង មកដល់ថ្ងៃនេះចិញ្ចើមផ្លូវជាតិលេខ១នៅក្នុងសង្កាត់វាលស្បូវនិងសង្កាត់ព្រែកឯងមិនទាន់មានសណ្តាប់ធ្នាប់នៅឡើយទេ ៕ សណ្តោស