ករណីឃាតកម្មនៅខណ្ឌមានជ័យ សង្ស័យប្រពន្ធនិងម្ដាយជាជនដៃដល់ដែលសម្លាប់បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង២ រសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបុរសម្នាក់ត្រូវបានជនដៃដល់កាប់សម្លាប់ស្លាប់ក្នុងថ្លុកឈាមនៅផ្ទះលក់ចាប់ហ៊ួយមួយកន្លែង ស្ថិតនៅក្រុម២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ កង សុខុម អាយុ ៣២ឆ្នាំ មុខរបរ រត់ម៉ូតូកង់៣ ស្នាក់នៅចំនុចកើតហេតុខាងលើ មានប្រពន្ធឈ្មោះ ភឿក អាយុ ២២ឆ្នាំ មុខរបរ លក់ចាប់ហ៊ួយ ចំណែកម្តាយបង្កើតមានឈ្មោះ ហាស់ សុភាព អាយុ ៥៩ឆ្នាំ ស្នាក់នៅជាមួយគ្នា។

តាមប្រភពព័ត៌មានពីអ្នកជិតខាងបានឲ្យដឹងថា ក្រុមគ្រួសារខាងលើនេះ តែងតែឈ្លោះប្រកែកគ្នាស្ទើរតែរាល់ថ្ងៃ ដោយនៅថ្ងៃកើតហេតុ ប្រពន្ធនិងម្តាយបង្កើត បានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះដូចសព្វដង។ លុះមួយសន្ទុះក្រោយមក ម្តាយបង្កើតព្រមទាំងប្រពន្ធជនរងគ្រោះ បានយកសោរផ្ទះផ្ញើអ្នកជិតខាង ហើយផ្តាំថា«ទុកសោរឲ្យឈ្មោះកង សុវណ្ណរ៉ា ដែលត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះផង» និងផ្តាំថា «ឲ្យឪពុកវាជួយធ្វើបុណ្យឲ្យវាផង វាស្លាប់ហើយ»។

បន្ទាប់ពីផ្តែផ្តាំអ្នកជិតខាងរួច ម្តាយបង្កើតព្រមទាំងប្រពន្ធជនរងគ្រោះ បាននាំគ្នារត់គេចខ្លួនចេញទៅបាត់អស់ ខណៈនោះ ដោយអ្នកជិតខាងមានការសង្ស័យ ក៏ចូលទៅអើតមើល ស្រាប់តែឃើញឈ្មោះ កង សុខុម ដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។ ភ្លាមៗ អ្នកជិតខាង បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះតែម្ដង ។

បន្ទាប់ពីធ្វើការពិនិត្យរួច សមត្ថកិច្ចជំនាញបញ្ជាក់ថា សពបុរសខាងលើពិតជាត្រូវបានឃាតកកាប់សម្លាប់ ពិតប្រាកដមែន ។ ចំពោះករណីនេះ សមត្ថកិច្ចជំនាញ ដាក់ការសង្ស័យទៅលើម្តាយបង្កើត និងប្រពន្ធជនរងគ្រោះ ជាអ្នកកាប់សម្លាប់ផងដែរ ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌមានជ័យ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ កំពុងតែបើកការស្រាវជ្រាវវែកមុខចាប់ឃាតក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print