ភ្នំពេញ៖ លោក ឃួង ស្រេង បានស្នើឲ្យអាណា ព្យាបាល លោកគ្រូ អ្នកគ្រូ របស់កុមារតូចៗ ត្រូវអប់រំ បន្ថែម ការថែទាំសុខភាពតាមរយៈ សម្អាតមាត់ធ្មេញ ជាប្រចាំ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីជា ស៊ីណា ឃួង ស្រេង បានស្នើសុំបែបនេះ ខំណៈលោក ចូលរួម ក្នុងវិធី អប់រំសុខភាពមាត់ធ្មេញនិងពិនិត្យមាត់ធ្មេញរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេ ។ កាលពីថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០២០ នៅក្នុងសាលាបឋមសិក្សាភូមិធំក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ហើយកុមារដែល មកទទួលនៅក្នុងកម្មវិធីអប់រំសុខភាពមាត់ធ្មេញនិងការពិនិត្យមាត់ធ្មេញនេះមានចំនួន៥០០នាក់។
ក្នុងឱកាសនោះ ក្រៅពីការសុខភាពមាត់ធ្មេញលោកឃួង ស្រេងនិងលោកស្រីជា ស៊ីណា ឃួង ស្រេង ក៏បានជួយផ្ដល់នូវអំណោយមួយចំនួនដល់សិក្សានុសិស្សទាំង៥០០នាក់នេះផងដែរ ដោយក្នុងម្នាក់ៗ ទទួលបានសៀវភៅមួយក្បាល ប៊ិចមួយដើម មី៥ កញ្ចប់ជាមួយ នឹងថ្នាំដុសធ្មេញពីរប្រអប់ផង។
លោកឃួង ស្រេង នៅក្នុងឱកាសនោះដែរ ក៏បានធ្វើការណែនាំឱ្យក្មួយសិក្សាទាំងអស់ត្រូវតែយកចិត្តទុកដាក់លើបញ្ហាសុខភាពដោយត្រូវងូតទឹកដុសធ្មេញ លាងសម្អាតរាងកាយឲ្យបានស្អាត មុនមកសាលារៀន ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រឱ្យក្លាយជា សិស្សល្អមិត្តល្អ ដោយក្មួយៗជាទំពាំងត្រូវស្នងឬស្សី។
បន្ទាប់ពី សំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល កុមារតូចៗរួច លោក ឃួង ស្រេង និងលោក ស្រី ក៏បានបន្តធ្វើដំណើរចុះ មកសំណេះសំណាលជាមន្ត្រីសង្កាត់ មេភូមិនៅក្នុងសាលាសង្កាត់ពន្សាំង បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនិងចុះពិនិត្យមើលផ្លូវមួយខ្សែ ដើម្បីជួស ជុល ដោយចាក់បេតុង ឆ្អឹងដែក ប្រវែង១៣០០ ម៉ែត្រ ទទឹង៨ម៉ែត្រ ជាអំណោយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិស្នួល សង្កាត់ពន្សាំង នេះផងដែរ។
ក្នុងឱកាសនោះ លោកឃួង ស្រេង ក៏បានធ្វើការណែនាំអោយអាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់ ចំពោះសុខភាពនិងតម្រូវការរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
លោកបានបញ្ជាក់ថា មកដល់ខែនេះ គឺជារដូវក្រៅហើយ ប្រជាពលរដ្ឋអាចប្រឈមមុខនឹងជំងឺផ្សេងៗពិសេស ជំងឺអាសន្តរោគ ។ដូច្នេះមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវតែពិនិត្យមើលរឿងនេះឲ្យបានល្អប្រសើរ ដើម្បីឲ្យប្រជាពលរដ្ឋអាចទប់ស្កាត់នូវជំងឺអាសន្តរោគនេះ ។
ក្នុងដំណើរនៃការចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋនិងពិនិត្យទៅលើការស្ថាបនាផ្លូវក្នុងភូមិ លោក ឃួង ស្រេងក៏បានជំរុញឲ្យក្រុមការងារធ្វើការស្ថាបនាផ្លូវក្នុងភូមិស្នួលនេះឱ្យបានលឿន ដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរបានស្រួល ៕ ដោយ៖ សំរិត