ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី ៤២ អណត្តិទី៥ នៅស្នាក់ការបក្ស ក្នុងស្រុកពញាឮ ខេត្តកណ្តាល ។
អង្គពិធី មានការចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការបក្សខេត្ត ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ គណៈកម្មាធិការគណបក្ស ស្រុក ឃុំ យ៉ាងច្រើនកុះករ ។
ក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាឮ លោករដ្ឋមន្ត្រី លឹម គានហោ បានលើកឡើងនូវខ្លឹមសាររបស់អង្គមហាសន្និបាត ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនអង្គប្រជុំជ្រាប និងលើកឡើងអំពីផែនការការងារ ព្រមទាំងបានដាក់ទិសដៅ សម្រាប់ក្រុមការងារគ្រប់លំដាប់ថ្នាក់ យកទៅអនុវត្តនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជូនបក្ស និងប្រជាជន ។
អង្គពិធី បានប្តេជ្ញាជាធ្លុងមួយ បន្តថែរក្សាឲ្យបានជាដាច់ខាតនូវសុខសន្តិភាព សម្រាប់បន្តការកសាង និងអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត និងប្រកបដោយចីរភាព និងសូមអរគុណសន្តិភាព មានសន្តិភាពទេីបយេីងមានអ្វីៗដូចសព្វថ្ងៃនេះ ។
បន្ទាប់មក លោករដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ដែលបានធ្វើការសាងសង់តាំងពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ គិតមកដល់ថ្ងៃនេះសម្រេចបានប្រមាណ ៣០ % និងការងារស្ថាបនាផ្លូវក្រាលកៅស៊ូជាង ១០ គីឡូម៉ែត្រ ឆ្លងកាត់ឃុំភ្នំបាត ជ្រៃលាស់ និងឃុំឈ្វាំង ជំហានទី ១ សម្រេចបានប្រមាណ ៧០ % ហេីយ៕ដោយ៖ សុខ ខេមរា