ប្រទេសថៃ៖ស្ត្រីខ្មែរម្នាក់ដែលមានដើមកំណើតនៅក្នុងខេត្តកំពង់ធំ ហើយបាន ចូលទៅបម្រើការងារនៅក្នុងប្រទេសថៃ បានសម្រាលកូននៅលើរថយន្តក្នុងទឹកដី ខេត្តស្រះកែវ ប្រកបដោយសុវត្ថិភាពទាំង ម្តាយ និងកូន បន្ទាប់ពីស្ត្រីរូបនេះពពោះ គ្រប់ខែ ហើយបានធ្វើដំណើរវិលចូលទឹកដីកម្ពុជាវិញ ក្នុងគោលបំណងមកសម្រាល កូននៅក្នុងស្រុកសំពៅលូន។
យោងតាមការផ្សាយរបស់ គេហទំព័រ ៧៧ ខាវឌិត នៅក្នុងប្រទេសថៃ បាន បញ្ជាក់ថា ហេតុការណ៍ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ បរិវេណក្បែរច្រកអន្តរជាតិ ខៅឌិន ស្ថិត ក្នុងឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ។
គេហទំព័រដដែល បានសរសេរថា នៅ ក្នុងហេតុការណ៍នោះ គេសង្កេតឃើញ មានរថយន្តមួយគ្រឿងម៉ាកហ្វដ ពាក់ស្លាក លេខ ស្រះកែវ ៧០១៨ បានឈប់សំចតក្បែរបរិវេណច្រកអន្តរជាតិ ដោយមាននារី យោធាថៃ ជួយជ្រោមជ្រែងផងដែរ បន្ទាប់ ពីយោធាទាំងនោះដឹងថា មាននារីម្នាក់ ដែលជាពលករខ្មែរ មានអាការឈឺពោះ ខ្លាំង ត្រៀមនឹងសម្រាលកូននៅលើរថយន្តនោះទៅហើយ។
នៅទីបំផុតការជួយជ្រោមជ្រែងពី សំណាក់នារីយោធាថៃ ក៏បានសម្រេចដោយជោគជ័យ ទើបបានបញ្ជូនបន្តទៅឲ្យក្រុមគ្រូពេទ្យ ដោយពលការិនីរូបនោះមានឈ្មោះ អែន សុខថា អាយុ២៦ឆ្នាំ មានស្រុកកំណើត នៅក្នុងខេត្តកំពង់ធំ ដែល បានចូលទៅបម្រើការងារនៅក្នុងចម្ការមៀន ស្ថិតក្នុងឃុំតាឡាំងណៃ ស្រុកវុំាងណាំយិន ខេត្តស្រះកែវ។ លុះនៅពេល ដែលរូបនាងមានទម្ងន់គ្រប់ខែ ក៏បានពឹងពាក់ឲ្យថៅកែ ជួយយករថយន្ត ជូននាងឆ្លងចូលទៅកាន់ ស្រុកសំពៅលូន ក្នុងគោលបំណងសម្រាល កូននៅទីនោះ ព្រោះតម្លៃពេទ្យអាចធូរថ្លៃ ជាងនៅថៃ ប៉ុន្តែជាចៃដន្យទើបតែធ្វើដំណើរ មកដល់ក្បែរច្រកអន្តរជាតិខៅឌិន នាងក៏បាន សម្រាលកូននៅលើរថយន្តនោះតែម្តង ដោយមានការជួយជ្រោមជ្រែងពីសំណាក់នារីយោធាថៃ ផងដែរ។
ដោយឡែកនារីម្នាក់ ដែលមាននាទីជា ទាហានថៃ នៅក្នុងវរការពារព្រំដែនលេខ ១៣ ប្រចាំច្រកអន្តរជាតិខៅឌិន បាននិយាយ ថា ដំបូងឡើយនាងមានអារម្មណ៍ថា ព្រួយបារម្ភដែរ ប៉ុន្តែដោយសារតែកន្លងមកពួកនាងធ្លាប់បានចូលរៀនវគ្គសិក្សា ក្នុងការជួយសង្គ្រោះ នារីដែលសម្រាលកូន ទើបនាងខិតខំប្រឹងប្រែងជួយរហូតបានជោគជ័យ បន្ទាប់ពីបានឃើញទាំងម្តាយ ក៏ដូចជាកូនស្រីមានសុខភាពល្អទាំងអស់គ្នាបែបនេះ។ បច្ចុប្បន្ននារីដែលជាពលការិនី ខ្មែរ ត្រូវបានភាគីថៃបញ្ជូនដល់ក្នុងមន្ទីរ ពេទ្យបង្អែកស្រុកសំពៅលូនហើយ៕ ហេង សូរិយា