ខេត្តព្រៃវែង ៖ ម្សិលមិញមានអគ្គិភ័យបំផ្លាញផ្ទះជួសជុលម៉ូតូមួយខ្នងខ្ទេចគ្មានសល់ ខណៈបានសម្លាប់កុមារម្នាក់ ក្នុងភ្នក់ភ្លើង និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផាឯរាជធានីភ្នំពេញភ្លាមៗតែក្រោយមកបានស្លាប់ទៀត សរុប២នាក់ ខណៈឪពុកម្តាយក៏ រងរបួសធ្ងន់ផងដែរ ។
ហេតុការណ៍មានអគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង ១២ និង៤៥នាទីរសៀលថ្ងៃ ចន្ទ ៩កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២ ខែ មីនា ឆ្នាំ២០២០នៅតាមបណ្តោយផ្លូវជាតិលេខ១ ម្ដុំផ្សារកអណ្តើក ក្នុងភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ប្រភពពីសមត្ថកិច្ចនគរបាល ស្រុកកំពង់ត្របែក បានឲ្យដឹងថា មុនពេលកើតហេតុនៅត្រង់ចំណុចផ្ទះកើតហេតុខាងលើ ដែលជាផ្ទះធ្វើអាជីវកម្មជួសជុលម៉ូតូមានទំហំ ៤ម៉ែត្រគុណ៦ម៉ែត្រ ដំបូលនិងជញ្ជាំងធ្វើពីស័ង្កសីនិងមានលក់សាំងដបផង។ ពេលនោះម្ចាស់ផ្ទះឈ្មោះ ឈួ ស្រ៊ុន ភេទប្រុស អាយុ ៤៧ឆ្នាំ បានជួសជុលម៉ូតូនៅខាងមុខផ្ទះ ហើយបានរោទ៍ម៉ាស៊ីនម៉ូតូខ្លាំងៗ បណ្តាលឲ្យខ្ទាតកម្ទេចភ្លើងចេញពីបំពង់ស៊ីម៉ាំងដល់ដបសាំងនៅក្បែរនោះបង្កជាអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ពេលមានអគ្គិភ័យនោះ កូនៗប្រុសស្រីតូចៗ២នាក់ មានអាយុ ២ឆ្នាំម្នាក់ និង៥ឆ្នាំម្នាក់ កំពុងដេកក្នុងផ្ទះប្រឡែងបងប្អូន ឯឪពុកម្តាយកំពុងនៅខាងមុខលក់សាំងនិងជួសជុលម៉ូតូដូចថ្ងៃធម្មតា ។
យ៉ាងណាក្នុងពេលកំពុងមានអគ្គិភ័យនេះកើតឡើងដោយរន្ធត់នេះ គេឃើញមានរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកមួយគ្រឿងបានចេញទៅដល់ បាញ់ពន្លត់រលត់ជាស្ថាពរ គ្រាដែលផ្ទះមួយខ្នងនេះឆេះម៉ត់និងមានមនុស្សរបួស ព្រមទាំងមានក្មេងស្លាប់ក្នុងភ្នក់ភ្លើងទៅហើយ ។
សាកសពកុមាររងគ្រោះទាំងពីរនាក់ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីគ្រាដែរឪពុកម្តាយរបស់ពួកគេកំពុងសង្គ្រោះនៅមន្ទីរពេទ្យនៅឡើយ ៕ សហការី