ភ្នំពេញ ៖ ទម្លាប់មានអនាម័យល្អ ទាំងផ្ទាល់ខ្លួន និងក្នុងក្រុមគ្រួសារ ពិតជានាំឲ្យសុខភាពកាន់តែល្អរឹងមាំ និងបញ្ចៀសមិនឲ្យឆ្លងមេរោគផ្សេងៗ ខណៈទិសដៅចម្បងកម្ពុជាគឺចូលរួមជាមួយសហគមអន្តរជាតិប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ឬហៅថាកូរ៉ូណា។ នេះជាសារក្រើនរំឭកណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសរសេរបង្ហោះនៅលើហ្វេសប៊ុក នាថ្ងៃសៅរ៍ទី៧មីនា ក្នុងថ្ងៃចុងសប្តាហ៍នេះ ។
សារសម្តេចបានសរសេរបន្តថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំពិតជារីករាយប្រកបដោយជំនឿទុកចិត្តចំពោះបងប្អូនប្រជាពលរដ្ឋយើងដែលមានការយល់ដឹងកាន់តែខ្ពស់អំពីការថែរក្សានិងសំអាតអនាម័យដើម្បីសុខភាពផ្ទាល់ខ្លួននឹងសម្រាប់ក្រុមគ្រួសារ ។ ទម្លាប់មានអនាម័យល្អ គឺនឹងធ្វើអោយសុខភាពកាន់តែល្អរឹងមាំ។
សម្តេចបានសរសេរបញ្ជាក់ថា ដូចបងប្អូនជនរួមជាតិបានដឹងទាំងអស់គ្នាហើយថា ទិសដៅចម្បងកម្ពុជាពេលនេះគឺចូលរួមជាមួយសហគមអន្តរជាតិប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់កុំអោយជំងឺនេះឆ្លងកើតមាននៅក្នុងប្រទេសយើង។ ក្នុងករណីមានការចាំបាច់ណាមួយ ក្រសួងសុខាភិបាលនឹងជម្រាបជូនព័ត៌មានជាសាធារណៈដល់បងប្អូនមិនខាន ។
សម្តេចបានអរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជនដែលចូលរួមទប់ស្កាត់ព័ត៌មានមិនពិតដោយជនខិលខូចមួយចំនួនក្នុងបណ្តាញសង្គមដែលមានចេតនាអក្រក់បង្ខូចបំពុលសង្គមជាតិយើង ៕