រ៉ូម៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ កាលពីថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០នេះថា រដ្ឋាភិបាលអ៉ីតាលី បានសម្រេចចិត្តបិទសាលសម្ដែង រោងបញ្ចាំងខ្សែភាពយន្ដ សារមន្ទីរ និងក្លឹបរាត្រីទាំងអស់ នៅទូទាំងប្រទេស ជាវិធានការ ទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ។
យោងតាមអនុក្រឹត្យមួយបានចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រីអ៉ីតាលី លោក Giuseppe Conte ប្រជាជន១៦លាននាក់ ក៏ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅទូទាំង តំបន់ Lombardy និងខេត្តចំនួន១៤ផ្សេងទៀត ផងដែរ ជាការវិធានការទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។ បើតាមលោក Conte រដ្ឋាភិបាលអ៉ីតាលី បានសម្រេចចិត្តបិទតំបន់ Lombardy ដែលមានប្រជាជន១០លាននាក់រស់នៅ និងទីក្រុង Milan លើកលែកតែច្រកចេញចូលបន្ទាន់ តែប៉ុណ្ណោះ ហើយខេត្តក្បែរខាង ចំនួន១៤ ផ្សេងទៀត ដូចជា Modena, Parma, Piacenza, Reggio Emilia, Rimini, Pesaro and Urbino, Alessandria, Asti, Novara, Verbano Cusio Ossola, Vercelli, Padua, Treviso និង Venice ក៏នឹងត្រូវអនុវត្តវិធានការដូចគ្នានេះដែរ ដែលនឹងប៉ះពាល់ដល់ប្រជាជនប្រមាណ១៦លាននាក់ នៅទូទាំង តំបន់ភាគខាងជើង នៃប្រទេសអ៉ីតាលី រហូតដល់ដើមខែមេសា ខាងមុខនេះ។
គួរជម្រាបថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 នៅក្នុងប្រទេសអ៉ីតាលី បានកើនដល់ ២៣៣នាក់ គិតត្រឹមថ្ងៃសៅរ៍ ទី៧ ខែមីនា (ម៉ោងនៅក្នុងតំបន់) ខណៈ ចំនួនអ្នកឆ្លងសរុបកើនដល់ ៥,៨៨៣នាក់ ហើយចំនួននេះបានប្រែក្លាយអ៉ីតាលី ទៅជាប្រទេសមានមនុស្សស្លាប់ច្រើនបំផុត លំដាប់លេខ ២ បន្ទាប់ពីចិន។ ក្រៅតែអនុវត្ត វិធានការបិទទីក្រុង និងខេត្តជាបណ្ដោះអាសន្នខាងលើ អ៉ីតាលីក៏បានប្រកាសបិទសាលារៀន និងសាកលវិទ្យាល័យទូទាំងប្រទេស រហូតដល់ថ្ងៃទី១៥ ខែមីនា ផងដែរ៕