ភ្នំពេញ ៖ គណៈបញ្ចាការឯកភាពខណ្ឌជ្រោយចង្វា បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនមនុស្សមួយក្រុមដែលនាំគ្នាបើកល្បែងបញ្ជល់មាន់ និងអាប៉ោង ខុសច្បាប់នៅខណ្ឌជ្រោយចង្វា ជាក់ស្តែងចាប់ខ្លួនមនុស្ស៧នាក់ និងដកហូតបានម៉ូតូជាច្រើនគ្រឿង ព្រមទាំងសត្វមាន់ជល់ផងដែរ ។
ករណីឆ្មក់បង្ក្រាបទីតាំងបញ្ជល់មាន់ខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចខាងក្រោយឡឥដ្ឋ ក្នុងភូមិសំបកមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីអាជ្ញាធរខណ្ឌជ្រោយចង្វា បានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋល្អ បានរាយការណ៍មកថា ទីតាំងខាងលេី កំពុងតែមានមនុស្សមួយក្រុមនាំគ្នាបេីកសង្វៀនបញ្ជល់មាន់ និងអាប៉ោង លេងយ៉ាងគគ្រឹកគគ្រេងនិងហ៊ោកញ្ជ្រៀវ ដោយមិនខ្លាចសមត្ថកិច្ចឬអាជ្ញាធរណាហ៊ានចុះបង្ក្រាបនោះទេ ។ បន្ទាប់ពីទទួលព័ត៍មានភ្លាម អាជ្ញាធរខណ្ឌជ្រោយចង្វា ដោយការសហការចូលរួមពីកម្លាំងនគបាលខណ្ឌ និងកម្លាំងកងអាវុធហត្ថខណ្ឌ ទើបឈានដល់ការឆ្មក់បង្ក្រាបទីតាំងល្បែងបញ្ជល់មាន់ខាងលេីជាក់ស្តែង សមត្ថកិច្ចជំនាញបានឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៧នាក់ ម៉ូតូជាច្រេីនគ្រឿង និងសត្វមាន់អាគកជាច្រើនក្បាល រួមនឹងសម្ភារវត្ថុតាងមួយចំនួនទៀត ។
ក្រោយប្រតិបត្តិការរួចរាល់ កម្លាំងជំនាញបានធ្វេីការរុះរេីទីតាំងខាងលេីចោលតែម្ដង ។ បច្ចុប្បន្នមនុស្សចំនួន៧នាក់ និងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដេីម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕ជ្រោយពេជ្រ
...