ភ្នំពេញ ៖ យុវជនមួយក្រុមដែលជាមិត្តភក្តិនិងគ្នា តាំងពីក្មេងៗនឹងធ្លាប់មានទំនាស់គ្នាផងនោះ ស្រាប់តែជួបមុខគ្នាមិនទាន់ស្រួលបួលផង ក៏ផ្ទុះហិង្សាដាក់គ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចដែលប្រចាំការនៅគោលដៅស្ពានជ្រោយចង្វា ជួយធ្វើអន្តរាគមន៍ចាប់ក្របួចទាំងសងខាងយកមកធ្វើការអប់រំនិងកិច្ចសន្យាឲ្យអាណាព្យាបាលមកធានាយកត្រលប់ទៅផ្ទះវិញ ។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូបេតុងOCIC នៅចំណុចរង្វង់មូលនាងមច្ឆា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះនី ភេទប្រុស អាយុប្រហែល២៤ឆ្នាំ ស្នាក់នៅម្តុំគីឡូលេខ៧ សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ កំពុងតែអង្គុយផឹកស៊ីជាមួយមិត្តភក្តិចំនួន២ទៅ៣នាក់ ស្រាប់តែមួយសន្ទុះក្រោយមកក៏លេចមុខយុវជនម្នាក់ឈ្មោះ យ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ដែលត្រូវជាមិត្តភក្តិនឹងគ្នាតាំងពីតូចៗ នឹងធ្លាប់មានរឿងរ៉ាវជាមួយគ្នាច្រើនដងមកដែរ ។ ភ្លាមនោះឈ្មោះមកដល់ភ្លាមមិននិយាយស្តីអ្វីនោះទេក៏ស្ទុះទៅវាយឈ្មោះ នី ចំនួន២ទៅ៣ដៃ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលទៅសមត្ថកិច្ចកងអន្តរាគមន៍ពិសេស នៃស្នងការរាជធានីភ្នំពេញ នឹងកម្លាំងសន្តិសុខOCIC ដែលប្រចាំការនៅគោលដៅស្ពានជ្រោយចង្វា ឃាត់ខ្លួនទាំងសងខាងយកទៅសួរនាំនៅយកទៅប៉ុស្តិ៍ ដើម្បីរកខុសត្រូវតែម្តង ។
បន្ទាប់ពីឃាត់ខ្លួនភាគីទាំងសងខាង ហើយសមត្ថកិច្ចសួរនាំទៅ ទើបដឹងថាពួកគេទាំង២នាក់ ត្រូវជាមិត្តភក្តិនិងគ្នា មូលហេតុដែលឈានដល់ហិង្សានេះ ព្រោះតែខឹងរឿងគំនុំចាស់តែប៉ុណ្ណោះ ។
ក្រោយកើតហេតុ ភាគីទាំងសងខាងមិនចង់មានរឿងវែងឆ្ងាយក៏បានសម្រួលគ្នាបញ្ចប់ ត្រឹមប៉ុស្តិ៍នគរបាលជ្រោយចង្វា ដោយគ្មានអ្នកណាប្តឹងអ្នកណានោះទេ ចំណែកសមត្ថកិច្ចក៏បានធ្វើការអប់រំ និងកិច្ចសន្យា រួចឲ្យអាណាព្យាបាលមកធានាយកត្រលប់ទៅផ្ទះវិញ ៕ជ្រោយពេជ្រ