ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យមានការរើសអើងសាសនិកខ្មែរឥស្លាម ដែលផ្ទុកវីរុសកូវីដ-១៩បន្ទាប់ពីបានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមពិធីសាសនាមួយនៅទីនោះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២០ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេស កកម្មពិសេស បានថ្លែងថា អ្វីដែលសំខាន់នៅពេលនេះ គឺរួមគ្នា ការពារ រក្សាអនាម័យ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ លោក សង្ឃឹមយ៉ាងមុតមាំថា ចាប់ពីពេលនេះទៅប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា មិនថាតែសាសនាណានោះទេ នឹងមានការ យោគយល់ បញ្ឈប់ការរើសអើង ដើម្បីរក្សាសុខដុមបនីយកម្មក្នុងសង្គម និងរួមគ្នារ ក្សាសុខ សន្ដិភាព ក្រោមម្លប់សន្ដិភាពដែលកម្ពុជាកំពុងមាន និងរួមគ្នាកសាងជាតិក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានបញ្ជាក់ថា ជនជាតិខ្មែរចំនួន ២៣នាក់ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ បន្ទាប់ពីពួកគេបានទៅចូលរួមក្នុងពិធីសាសនាមួយនៅឯប្រទេសម៉ឡេស៊ីកាលពីពេលកន្លងមកនេះ ក្នុងចំណោមអ្នកទៅចូលរួមទាំអស់ចំនួន៧៩នាក់ ដែលមកពីបណ្ដារាជធានី-ខេត្តចំនួន៩ក្នុងព្រះរាជា ណាចក្រកម្ពុជានោះ។
លោកបានបន្ដថា រហូតមកដល់ពេលនេះ បងប្អូនខ្មែរទាំង ៧៩នាក់ ដែលត្រឡប់មកពីប្រទេសម៉ាឡេស៊ី បានពិនិត្យសុខភាពគ្រប់គ្នាអស់ហើយៗ លទ្ធផលបានបង្ហាញថា មាន២៣ នាក់វិជ្ជមានកូវីដ-១៩ (គិតត្រឹមរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០)។ ក្នុងនោះអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សទាំង២៣នាក់នេះ ក៏បាន ធ្វើតេស្តប្រមាណ៣០០នាក់ ហើយបានរកឃើញថាមានចំនួន០៥នាក់ឆ្លងជំងឺនេះ។
សូមបញ្ចាក់ដែរថា បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅរាត្រី ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០បានបង្ហាញថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន៥១ករណីហើយ បើគិតទាំងបុរសជនជាតិចិនដែលព្យាបាលជាសះស្បើយ និងបាន ត្រឡប់ទៅប្រទេសកំណើតវិញ ហើយករណីទាំងអស់ភាគច្រើនគឺជាករណីនាំចូល៕. ដោយ ៖ សំរិត