ខ្មែរនិងបារាំង៣៧នាក់ ដែលទាក់ទងជាមួយបុរសបារាំងឆ្លង COVID-19 ពីរនាក់ នៅខេត្តព្រះសីហនុ កំពុងធ្វើតេស្ត និងរងចាំលទ្ធផល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បើតាមការបញ្ជាក់អោយដឹងពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ខ្មែរនិងបារាំង៣៧នាក់ ដែលទាក់ទងជាមួយបុរសបារាំងឆ្លង COVID-19 ពីរនាក់ នៅខេត្តព្រះសីហនុ ត្រូវបានយកទៅទុកដាច់ដោយឡែក និងរង់ចាំលទ្ធផលការធ្វើតេស្ត។

លោកអភិបាលបានបញ្ជាក់ថា៖ ចំណាត់ការយកមនុស្សទាំង ៣៧នាក់ ទៅទុកដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ របស់អាជ្ញាធរ និងមន្ត្រីសុខាភិបាល បានធ្វើឡើងភ្លាមៗ ក្រោយពីបុរសជនជាតិបារាំង ម្នាក់អាយុ៦៧ឆ្នាំ និងម្នាក់ទៀតអាយុ ៨០ឆ្នាំ ជាអ្នកទេសចរណ៍ទៅលេងនៅខេត្តព្រះសីហនុ ត្រូវបានក្រសួងសុខាភិបាល អះអាងថា មានផ្ទុក COVID-19 នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។ លោកបន្តថា៖ លោក គួច ចំរើន បានបញ្ជាក់ទៀតថា ក្រោយបុរសជនជាតិបារាំង២នាក់ ដែលរកឃើញផ្ទុកមេរោគ COVID-19 នោះ អាជ្ញាធរ និងមន្ត្រីចត្តាឡីស័ក បានចាប់ផ្តើមនាំមនុស្សទាំង ៣៧នាក់ ជនជាតិ បារាំង ៣៤នាក់ និងជនជាតិខ្មែរ ៣នាក់ យកទៅទុកដាច់ដោយឡែកក្នុងសណ្ឋាគារមួយ ដើម្បីតាមដានសុខភាព និងរង់ចាំលទ្ធផលនៃការធ្វើតេស្តរកវីរុស COVID-19 បន្តទៀត។

លោក គួច ចំរើន បញ្ជាក់ថា៖ ក្រោយការស្រាវជ្រាវ និងសួរនាំរួចមក ជនជាតិបារាំង ចំនួន៣៦នាក់ បានធ្វើដំណើរមកដល់ខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ បន្ទាប់មកពួកគេបានធ្វើដំណើរកម្សាន្ត តាមរថយន្ត ជាមួយមគ្គុទេសក៍ទេសចរណ៍ ២នាក់ និងអ្នកបើក រថយន្តម្នាក់ទៀត ជាជនជាតិខ្មែរ ឆ្ពោះមកខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលកម្ពុជា បានយកចិត្តទុកបំផុតចំពោះវិធានការ ការពារបង្ការ ទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអោយដឹងថា៖ នៅព្រឹកថ្ងៃច័ន្ទ ទី២៣ មីនា ឆ្នាំ២០២០នេះ អ្នកជំនាញចិន៧រូប នឹងមកដល់កម្ពុជា ដើម្បីចូលរួមផ្តល់នូវការណែនាំ ចែករំលែកបទពិសោធន៍ ក្នុងប្រយុទ្ធប្រឆាំងជាមួយវីរុសកូវីដ១៩៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print