សម្តេចតេជោ ហ៊ុន សែន! ពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារ នឹងធ្វើនៅព្រឹកស្អែក

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា នៅស្អែកនេះ ។

ពិធីចុះហត្ថលេខានេះ នឹងត្រូវធ្វើឡើង នាវេលាម៉ោង ០៩និង០០ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព ដែលលិខិតប្តូរសារដែលនឹងត្រូវចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា គ្របដណ្តប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង ដូចខាងក្រោម៖

* ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្ត៖

ទី១៖ គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ៣.៤២១លានយ៉េន (ប្រមាណ៣១លានដុល្លារអាមេរិក)

ទី២៖ គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានទឹកប្រាក់ចំនួន ១.០០០លានយ៉េន (ប្រមាណ ៩លានដុល្លារអាមេរិក)

ទី៣៖ គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ៣០០លានយ៉េន (ប្រមាណ២,៧លានដុល្លារអាមេរិក)។

* ឥណទានសម្បទាន សម្រាប់អនុវត្ត៖

ទី១៖ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ ១៦១លានដុល្លារអាមេរិក)។

ទី២៖ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាមេរិក)។

ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ផងដែរ៕សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print