អ្នកភូមិមានជំនឿនាំគ្នាដុតភ្នក់ភ្លើងនៅមុខផ្ទះបណ្តេញឧបទ្រពចង្រៃមេរោគ កូវីដ-១៩

ចែករំលែក៖

ខេត្តក្រចេះ ៖ ក្រៅពីទូងស្គរព្រមគ្នានៅតាមវត្តអារាមនានាទូទាំងប្រទេសដើម្បីបណ្តេញចង្រៃឧបទ្រពគ្រាដែលជំងឺ កូវីដ-១៩រាតត្បាតនៅលើពិភពលោក នៅប្រទេសកម្ពុជាឯណេះ មានប្រជាពលរដ្ឋមួយចំនួននៅខេត្តក្រចេះហាក់អបិយជំនឿនាំគ្នាសម្ងំក្នុងផ្ទះ ហើយនាំគ្នាដុតភ្នក់ភ្លើងនៅមុខផ្ទះរៀងៗខ្លួនដែលពួកគាត់និយាយថាធ្វើបែបនេះក្នុងន័យបណ្តេញព្រាយបិសាចនាំមេរោគចង្រៃចូលស្រុកភូមិ ជាពិសេសបណ្តេញមេរោគកូវីដ-១៩ កុំឲ្យកើតមាននៅក្នុងស្រុកភូមិជាបន្តទៀត ។

ជាក់ស្តែង ជា​រៀង​រាល់​យប់ ជា​ពិសេស​ពេល​ព្រលប់ អ្នក​ធ្វើ​ដំណើរ​តែងតែ​ឃើញ​មាន​ភ្នក់ភ្លើង ដែល​ត្រូវ​អ្នក​ភូមិ​រស់នៅ​តាម​ភូមិ​ផ្សេង​ៗ​ក្នុងក្រុងក្រចេះបាននាំ​គ្នា​គរគំនរអុសបង្កាត់ជាភ្នក់ភ្លើង​ដុត​នៅខាង​មុខ​ផ្ទះ អម​សងខាង​ផ្លូវលំ និង​ផ្លូវ​កៅស៊ូ ដែល​មើលទៅ​ក្រហម​ដេរដាស​ពេញ​ភូមិ ប្រៀប​ដូច​ជា ប្រទីប​ដែល​គេ​បណ្តែត​ទឹក​នា​ថ្ងៃ​ចេញ​ព្រះ​វស្សាយ៉ាងដូច្នោះដែរ ​។

អ្នកភូមិម្នាក់បាននិយាយថា ការ​នាំ​គ្នា​ដុត​ភ្នក់ភ្លើង​នៅ​តាម​មុខ​ផ្ទះ​ជា​រៀង​រាល់​យប់ របស់​អ្នក​រស់នៅ​ក្នុងភូមិ​នានា​នៅ​ខេត្ត​ក្រចេះនេះ បាន​ធ្វើ​ឡើង​កាល​អំឡុង​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​កន្លង​ទៅ​នេះ បន្ទាប់​ពី​បាតុភាព​នៃ​មេរោគ កូ​វី​ដ-​១៩ កំពុង​តែ​ឆ្លង​រីក​រាតត្បាត​ជាស​កល និង​បាន​ជះ​ឥទ្ធិពល​មក​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ ​។

ករណីធ្វើឲ្យអ្នក​ភូមិ​​ផ្អើល​ត​ៗ​តាម​គ្នា​នាំ​គ្នា​ដុត​ភ្នក់ភ្លើង ខ្លះបាច​អំបិល និង​​ខ្លះ​បាន​វាយ​ភ្នក់​ធ្វើ​ឱ្យ​បែក​ផ្កាភ្លើងព្រៀកៗ ព្រមទាំង​បាន​និយាយ​បណ្តេញ​ឲ្យ​ខ្មោច​ព្រាយ​បិ​សាច ពិសេស​ជំងឺ​កាច​សាហាវ កុំ​ឲ្យ​ឆ្លង​ចូល​ក្នុងភូមិ ឃុំ​របស់​ពួក​គាត់​។យ៉ាងណាពួក​គាត់​មាន​ជំនឿ​ស្រ​ដៀង​គ្នា​ថា ការ​ធ្វើ​ឧបកិច្ច​បែប​នេះ គឺ​ភាព​ឧបទ្រពចង្រៃ​ដែល​កំពុង​កើត​មាន​មិន​មក​រីក​រាតត្បាត​នៅ​ក្នុងស្រុក​ភូមិ​របស់​ពួក​គាត់ដែល​កំពុង​តែ​រស់នៅ​នោះ​ទៀតទេ​ ហើយពួក​គាត់​នឹង​បន្ត​ដុត​ភ្នក់ភ្លើង​ជា​រៀង​រាល់​យប់ លុះត្រា​ស្ថានភាព​ជំងឺឆ្លង​ជាស​កល ឬ​កូ​វី​ដ​-១៩ បាន​ធូរស្បើយ​ទើប​ពួក​គាត់​ឈប់​ដុត​ភ្នក់ និង​បាច​អំបិល​នេះ​។

ចំណែកពលរដ្ឋ​រស់នៅ​ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ម្នាក់​បាន​លើក​ឡើង​ឲ្យ​ដឹង​ស្រ​ដៀង​គ្នា​នឹង​អ្នក​ភូមិ​នៅ​ក្រុង​ក្រចេះ​ដែរ​ថា ការ​ដុត​ភ្នក់ភ្លើង បាច​អំបិល វាយ​បំបែក​ភ្នក់ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដេញ​ភាព​ឧបទ្រពចង្រៃ​ចេញពី​ភូមិ មិន​ថា តែ​ជំងឺឆ្លង ក៏​ដូច​ជា​ខ្មោច​ព្រាយ​បី​សាច​ជាដើម​។

គាត់​និយាយទៀត​ថា កន្លង​មកឲ្យ​តែ​មាន​ជំងឺឆ្លង​បាន​ឆ្លង​រីក​រាតត្បាត​ដូច​ជា​ការ គ្រុន ឈឺ និង​ជំងឺ​រាគ​រូស គឺ​អ្នក​ភូមិ​តែងតែ​ប្រើ​វិធី​ដុត​ភ្នក់ ឬ​ចង​រូប​ទីង​មោងនៅមុខផ្ទះ​ដែលពូកគាត់មានជំនឿថាជា​វិធី​បង្ការកុំ​ឲ្យ​មាន​បន្ត​រីក​រាតត្បាតមេរោគចង្រៃ ។

ចំណែកលោកតាម្នាក់មានវ័យជាង៨០ឆ្នាំ បានរំលឹកថា ប្រជាពលរដ្ឋមានជំនឿបែបនេះមិនខុសកាលពីសម័យមុនៗនោះទេ ជាពិសេសក្នុងសម័យកើតជំងឺអាសន្នរោគរាតត្បាត ក៏ប្រជាជនមានជំនឿធ្វើទីងមោងចងឆ្កាង និងដុតភ្នកភ្លើងនៅមុខផ្ទះរៀៗខ្លួនបែបនេះដែរ ។

យ៉ាងណាបើ​ទោះបីប្រជាពលរដ្ឋមានជំនឿក្នុងន័យរំងាប់​ផ្លូវ​អារម្មណ៍បែបនេះក្តី តែ​ក្រុម​គ្រូពេទ្យអះអាង​ថា នេះ​មិនមែន​ជា​វិធី​បង្ការ នោះ​ទេ វា​គ្រាន់តែ​ជា​ជំនឿ​អ​រូបិយ​តែ​ប៉ុណ្ណោះ។ចំណែក វិធី​ដែល​បង្ការ​ការពារ​ពី​ជំ​ងឺ​ឆ្លង​​បាននោះ គឺ ប្រជាពលរដ្ឋ​ត្រូវ​រស់នៅ​ប្រកបដោយ​អនាម័យ​ខ្ពស់ បរិស្ថាន​ស្អាត ត្រូវ​ពាក់ម៉ាស់ លាងដៃ​សម្អាត​ខ្លួនប្រាណ​នឹងសាប៊ូ ឬអាល់កុលឲ្យ​បាន​ញឹក​ញាប់​មុន​នឹង​ទទួល​ហូប​ចុក​ចំណី​អារ​ហារ​ប្រចាំ​ថ្ងៃ និងបើសង្ស័យប្រញាប់រូសរាន់ទៅកាន់មន្ទីរពេទ្យ ​៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print