ទំនាស់ពាក្យសម្តី​ ព្រះសង្ឃចាក់​ព្រះសង្ឃសុគតមួយរំពេច

ចែករំលែក៖

ខេត្តមណ្ឌលគិរី បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ព្រះសង្ឃមួយអង្គបានសុគតភ្លាមៗក្រោយពេលរងអំពើហិង្សាពីព្រះសង្ឃដូចគ្នា ដោយចាក់នឹងកាំបិតជាច្រើនកន្លែង ក្នុងជម្លោះរឿងសង្ឃដីកា (ពាក្យសម្តី) បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃអង្គារ ១កើតខែចេត្រ ឆ្នាំកុរ ឯកស័ក ..២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំណុចវត្តដេអេក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ។បើតាមសមត្ថកិច្ចបានឲ្យដឹងថា ព្រះសង្ឃមួយអង្គដែលបានបង្ករបួសស្នាមដោយចេតនា ឈ្មោះ ធឿន នី អាយុ៣៩ឆ្នាំ មានទីកន្លែងកំណើតភូមិត្របែកឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ហើយបច្ចុប្បន្នព្រះសង្ឃគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ចំណែកព្រះសង្ឃរងគ្រោះឈ្មោះ ថ្លាង វុធ អាយុ២៤ឆ្នាំមានទីកន្លែងកំណើតភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នជាព្រះអង្គគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា។

ក្រោយកើតហេតុ ព្រះសង្ឃរងគ្រោះត្រូវគេបញ្ជូនព្រះអង្គទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្ត តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ព្រោះរងការចាក់ដោយកាំបិតជាច្រើនកន្លែងលើដងខ្លួនលុះពេលធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ព្រះអង្គត្រូវបានបាត់បង់ជីវិតតែម្តង។សមត្ថកិច្ចបន្តថាមូលហេតុដែលនាំឱ្យមានករណីខាងលើនេះគឺផ្តើមចេញពីទំនាស់ពាក្យសំដី ដោយសង្ឃរងគ្រោះបានចោទសង្ឃជាជនសង្ស័យថា ជាមនុស្សញៀនថ្នាំ

បច្ចុប្បន្នព្រះសង្ឃជាជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print