លោក ឃួង ស្រេងដាក់បទបញ្ជាឲ្យអភិបាលខណ្ឌ ទាំង១៤ ចុះធ្វើសកម្មភាពបិទ​ប៊ៀហ្គាឌិននានាដែល មាននៅក្នុងមូលដ្ឋានបន្ថែមទៀត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ ១៩

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ នៅទូទាំង រាជធានីភ្នំពេញធ្វើសកម្មភាព ដោយចុះបិទប៊ៀហ្គាឌិននានាដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល មេរោគកូវីដ ១៩ (COVID-19) ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលមិនថានៅលើពិភពលោកនិងប្រទេសកម្ពុជា ដែលបានបង្កឲ្យមានការព្រួយបារម្ភ ពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងនោះ។

ការដាក់បទបញ្ជាបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ មិនា ឆ្នាំ២០២០ ពោលគឺ ក្រោយពីក្រសួងទេសចរណ៍បានធ្វើសំណើទៅសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដើម្បីឲ្យសម្តេចតេជោហ៊ុន សែន បិទប៊ៀហ្គាឌិននេះជាបណ្តោះអាសន្នបន្ថែមទៀត ខណៈដែររាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអោយមានការបិទខារ៉ាអូខេ ក្លឹបកំសាន្តទាំងអស់ទូទាំងប្រទេសហើយនោះ។

លោកឃួង ស្រេង ក៏បានបញ្ជាក់ឲ្យបានដឹងផងដែរថា ការបិទខាងលើនេះ គឺបិទតែទីតាំងបៀរហ្គាឌិន ខារ៉ាអូខេទីកន្លែងសប្បាយសុខភាពនិងក្លឹបកំសាន្តនានា ដែលមានការប្រមូលផ្ដុំប៉ុណ្ណោះ ។ដោយឡែក សម្រាប់ទីតាំងផ្សារលក់ដូរ គ្រប់ប្រភេទ គឺនៅរក្សាដដែល ដោយបងប្អូនប្រជាពលរដ្ឋ បន្តជីវកម្មលក់ដូរជាធម្មតា ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវ នាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាដើម្បីទប់ស្កាត់និងបង្ការឱ្យបាននូវការឆ្លងរាលដាល នៃមេរោគកូវីដ ១៩ (COVID-19) ។

សូមបញ្ជាក់ថា ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល មេរោគកូវីដ ១៩ (COVID-19)នេះដែរ តបតាមបទបញ្ជាពី រាជរដ្ឋាភិបាលកម្ពុជាអភិបាលរាជធានី-ខេត្តទាំង២៥ បានចាប់ផ្តើមរើសយក សណ្ឋាគារ និងសាលារៀន ព្រមទាំងមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន សម្រាប់ធ្វើជាកន្លែងព្យាបាលជំងឺកូវីដ១៩នេះ។

សូមបញ្ជាក់ថា៖ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០នេះ នៅកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិ ចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print