ខេត្តកណ្ដាលៈ បុរសម្នាក់បានស្លាប់ដោយសារចរន្ដអគ្គិសនីឆក់ កាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃពុធ ២កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នៅត្រង់ចំណុចក្នុងស្រះទឹកក្នុងដីឡូត៍មួយកន្លែង ស្ថិតភូមិថ្នល់ ឃុំវិហារលួង ស្រុកពញាឮ ខេត្ដកណ្ដាល គ្រាដែលរាយខ្សែភ្លើងបំណងយកទៅឆក់ត្រី តែភ្លាត់ស្នៀតឆក់ខ្លួនឯងទៅវិញ ។
មន្ដ្រីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកពញាឮបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ប៉ាល់ ណារិន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិចតុទិស ឃុំ វិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។មុនពេលកើតហេតុ ជនរងគ្រោះដែលជាជាងសំណង់ធ្វើផ្ទះឲ្យឈ្មោះ នឿន សំអឿន ភេទប្រុស អាយុ២២ឆ្នាំ ហើយខណៈដែលជនរងគ្រោះសម្រាកពីធ្វើផ្ទះ ក៏បានរាយខ្សែភ្លើងចេញពីផ្ទះដែលខ្លួនធ្វើនោះ ចេញទៅស្រះទឹកក្នុងបំណងឆក់ត្រីយកមកហូបនៅក្នុងដីឡូត៍មួយកន្លែងក្បែរនោះ តែជាអកុលសកាន់ត្រូវតំណខ្សែភ្លើងបណ្តាលឲ្យឆក់ស្លាប់យ៉ាងអណោចអធ័មភ្លាមមួយរំពេច។ ភ្លាមនោះដែរក៏ផ្អើលឆោឡោដល់ម្ចាស់ផ្ទះ និងប្រជាពលរដ្ឋជិត ខាងជួយសង្រ្គោះបឋមតែជនរងគ្រោះផុតដង្ហើមបាត់ទៅហើយទើបនាំគ្នារាយការណ៍ជូនសមត្ថកិច្ចជំនាញដើម្បីធ្វើការពិនិត្យ ។
បន្ទាប់ពីកម្លាំងជំនាញទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏ចុះមកកន្លែងកើតហេតុធ្វើការពិនិត្យ ឃើញថា៖ សាកសពមានស្នាមឆក់រលាត់ស្បែក នៅលើកញ្ចឹងករហូតដល់ស្មាខាងស្ដាំ ប្រវែង២៤សង់ទីម៉ែត្រ និងមិនមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ។តាមការ ការសន្និដ្ឋាន គឺជនរងគ្រោះស្លាប់ដោយសារចរន្តអគ្គីសនីឆក់ ហើយសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ សហការី