ប្រទេសជុំវិញពិភពបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ក្រោយការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អ្វីដែលបារម្ភនោះគឺអ្នកទោស រស់នៅចង្អៀតក្នុងគុក ហើយបើមានអ្នកឆ្លង កូវីដ-១៩និងរាលដាល់ពេញទាំងអស់ ។
កត្តាទាំងនោះហើយបានជាអ៊ីរ៉ង់ សម្រេចដោះលែងអ្នកទោសជិត១សែននាក់ ទាំងទោសស្រាល ដែលត្រូវជាប់គុកក្រោម៥ឆ្នាំ។ ការដោះលែងគឺដើម្បីកាត់បន្ថយចំនួនអ្នកទោសបញ្ចៀសការឆ្លងវីរុសកូវីដ-១៩ ។ ចំណែកនៅអាហ្វហ្គានីស្ថានវិញខុសពីប្រទេសអ៊ីរ៉ង់ អ្នកទោសមានវ័យចាប់ពី៥៥ឆ្នាំឡើងនឹងត្រូវដោះលែង ។
រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានសម្រេចដោះលែងអ្នកទោស១ម៉ឺននាក់ ដែលមានអាយុចាប់ពី៥៥ឆ្នាំឡើងទៅដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។មនុស្សមានវ័យចាស់ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងជាងគេបើឆ្លងកូវីដ-១៩ ។
មន្ត្រីប្រចាំការិយាល័យប្រធានាធិបតី Ashraf Ghani កាលពីថ្ងៃទី២៦ ខែមីនា បានប្រកាស«ប្រធានាធិបតី បានចេញបញ្ជាដោះលែងអ្នកទោសមានវ័យចាប់ពី៥៥ឆ្នាំឡើងទៅដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
សារព័ត៌មានរ៉យទ័របានផ្សាយថា អ្នកទោសដែលត្រូវដោះលែង មិនមានក្រុមតាលីបង់ ឬក្រុមភេរវកម្ម IS នោះឡើយ។ អ្នកទោសដែលដោះលែងគឺជាជនស៊ីវិល អាហ្វហ្វគានីស្ថាន ដែលមានទោសស្រាល។ អ្នកទោសដែលមានបញ្ហាសុខភាព ស្ត្រី ក៏ត្រូវបានដោះលែងផងដែរ ។
គិតដល់ថ្ងៃទី២៧ខែមីនានេះ នៅទូទាំងប្រទេសអាហ្វហ្គានិស្ថាន មានអ្នកឆ្លងកូវីដ៩៤នាក់ និងស្លាប់៤នាក់ ។ អាហ្វហ្គានីស្ថាន បានរិតត្បិតការធ្វើដំណើរផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏សហាវមួយនេះ ៕