រថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កក្រឡាប់ផ្ងារជើងបណ្តាលឲ្យអ្នកបើកម៉ូតូសន្លប់

ចែករំលែក៖

ភ្នំពេញ: ប្តីប្រពន្ធ២នាក់ បានបើករថយន្តតូយ៉ូតាព្រូស បុកម៉ូតូសណ្តោងរ៉ឺម៉ក់បើកឆ្លងកាត់ផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង សំណាងល្អអ្នកបើកម៉ូតូសន្លប់ និងភ្ញៀវរងរបួសស្រាល។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ១៤៤ កែងនិងផ្លូវលេខ១៥ ខាងមុខសាលាសង្កាត់ផ្សារកណ្ដាលទី១ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូសណ្តោងរ៉ឺម៉ក គ្មានផ្លាកលេខ ដោយមានស្ត្រីម្នាក់ជាភ្ញៀវ រួមដំណើរជាមួយ ធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើងតាមបណ្ដោយផ្លូវ១៥។ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបែកជាបួន ម៉ូតូសណ្តោងរ៉ឺម៉ក បានបើកឆ្លងកាត់ផ្លូវលេខ១៤៤ បានពាក់កណ្តាល ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-1594 បើកបរដោយប្តីប្រពន្ធ២នាក់ តាមបណ្ដោយផ្លូវលេខ១៤៤ ក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿន បានជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ក្រឡាប់ផ្ងារជើង បណ្តាលឲ្យបុរសជាអ្នកបើកបររងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង រីឯភ្ញៀវវិញ បានរងរបួសស្រាល។ ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុ សាច់ញាតិជនរងគ្រោះ បានមកដល់ចរចាដោះស្រាយ ជាមួយនិងភាគីខាងរថយន្ត ដោយភាគីទាំងពីរ មិនចង់មានរឿងវែងឆ្ងាយ ក៏ព្រមសម្របសម្រួលគ្នា ដោយភាគីខាងរថយន្ត ព្រមចេញថ្លៃព្យាបាលជនរងគ្រោះ និងជួសជុលម៉ូតូកង់បីឡើងវិញ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print