មន្ត្រីខ្មែរម្នាក់ដែលសះស្បើយពីជំងឺកូវីត១៩ រៀបរាប់ពី ការព្យាបាល និងការប្រើប្រាស់ថ្នាំ និងសមត្ថភាពពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ ជាមន្ត្រីរាជការវ័យ៣៩ឆ្នាំ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបានឆ្លងកាត់ការព្យាបាលជំងឺកូវីត១៩ រយៈពេល ៣សប្តាហ៍នៅមន្ទីរពេទ្យខ្មែរ-សូវៀត។

១) ការឆ្លង និងអាការៈដំបូង
ករណីរបស់ខ្ញុំ គឺឆ្លងពីការពីចូលរួមសិក្ខាសាលាអន្តរជាតិនៅបារាំង ដែលមានអ្នកចូលរួមប្រហែល៣០នាក់ ហើយសិក្ខាសាលាបានផ្អាកភ្លាមៗក្រោយបានដឹងថា ជនជាតិហ្វីលីពីនម្នាក់កើតជំងឺនេះ។ សិក្ខាកាមផ្សេងទៀតបានទាមទារធ្វើតេស្តិ៍ តែបារាំងមិនព្រមធ្វើអោយ ដោយសំអាងថា គ្មានអាការៈ។ សិក្ខាកាមបរទេសពីររូបផ្សេងទៀតក៏បានប្រាប់យើងថា ពួកគាត់បានធ្វើតេស្តិ៍វិជ្ជមានដែរបន្ទាប់ពីទៅដល់ប្រទេសវិញ។
មកដល់ប្រទេសវិញ ជាវិធានការបង្ការ ខ្ញុំបានជួលខុនដូនៅដាច់ដោយឡែកពីគ្រួសារអោយបានគ្រប់១៤ ថ្ងៃ។ មួយថ្ងៃក្រោយមក ពោលគឺ៧ថ្ងៃក្រោយពីខ្ញុំបានប្រាស្រ័យទាក់ទងជាមួយអ្នកមានផ្ទុកវីរុស ទើបខ្ញុំមានអាការៈប្លែក ដកដង្ហើមញាប់ រាគ ប៉ុន្តែមិនក្តៅខ្លួន។

ថ្ងៃទីពីរនៅរាគទៀត ទោះមិនមានញុំអ្វីខុស ហើយស្រៀវស្រាញ តឹងក និងឡើងកម្តៅ។ គេងយប់ក្តៅរងា ហើយបែកញើស ឆាប់អស់កម្លាំង ចុករោយស្រពន់។ ខ្ញុំក៏ស្នើសុំការពិនិត្យនៅពេទ្យសូវៀត ហើយគេយកដងវែងដូចសំឡីត្បារត្រចៀក រុកចូលច្រមុះ និងបំពង់កខ្ញុំ ហើយយកសំណាករបស់ខ្ញុំទៅពិនិត្យ។ ក្រោយដឹងលទ្ធផលថាវិជ្ជមាន ដើម្បីរក្សាការសំងាត់ និងអត្តសញ្ញាណអ្នកជំងឺផង និងដើម្បីការពារសុខភាពសាធារណៈផង គេបានសាកសួរគ្រប់ចំណុចថា តើខ្ញុំបានជួបនរណា ទៅញ៉ាំបាយហាងណា។ល។ បន្ទប់ជួលខុនដូរបស់ខ្ញុំត្រូវបានគេស្ទេរីលសម្លាប់មេរោគ ហើយអ្នកសំអាតបន្ទប់ក៏ត្រូវដាក់ក្នុងការតាមដាន។

២) ថ្នាំព្យាបាល
ថ្នាំសំខាន់ជាងគេគឺ Kaletra ដែលគេប្រើសម្រាប់ទប់ទល់នឹងវីរុស HIV ។ ថ្នាំនេះខ្លាំងអាចធ្វើទុក្ខក្រពះ ពិបាកគេង។ នៅថ្ងៃទីបី ពេទ្យបានអោយថ្នាំថ្មីបន្ថែមទៀតគឺ Chloroquine ដែលជាថ្នាំគ្រុនចាញ់ ដើម្បីកុំអោយវីរុសរីករាលដាលវាយលុកដល់សួត។ ថ្នាំទាំងពីរមុខនេះ មិនមែនជាថ្នាំព្យាបាលទេ គឺគ្រាន់តែជាថ្នាំទប់ទល់កុំអោយមេរោគរីករាលដាលប៉ុណ្ណោះ។ ក្រៅពីនេះ គឺអោយថ្នាំអាស្រ័យលើអាការៈ បើក្តៅខ្លួនដាក់ Doliprane បើរាគដាក់ថ្នាំរាគ។
អ្នកជំងឺដែលមានអាការៈស្រាលគឺពេទ្យឱ្យប្រើតែ Kaletra ទេ តែខ្ញុំនិងបុរសជនជាតិបារាំងដែលមានបញ្ហាផ្លូវដង្ហើម ពេទ្យតម្រូវឱ្យប្រើថ្នាំ Chloroquine ថែមទៀត។ ពេទ្យឱ្យខ្ញុំប្រើថ្នាំ Chloroquine ១០ថ្ងៃ ដើម្បីឱ្យផុតដំណាក់កាលគ្រោះថ្នាក់នៃការរលាកសួត។ អាការៈនៃការរលាកសួតគឺមានបីព្រមគ្នា គឺក្តៅខ្លួនជាប្រចាំ ក្អក និងពិបាកដកដង្ហើម។ តែខ្ញុំពុំមានអាការៈក្តៅខ្លួនជាប្រចាំនោះទេ។
៣) អាការៈប្រចាំថ្ងៃ និងស្ថានភាពជំងឺ
អ្នកជំងឺពេលនោះមានប្តីប្រពន្ធវ័យចំណាស់ជនជាតិអង់គ្លេស បុរសជនជាតិបែលហ្សិក និងបុរសជនជាតិបារាំង ២នាក់ និងបងប្អូនខ្មែរឥស្លាម៤នាក់។ អាការៈ និងរោគសញ្ញាគឺមិនដូចគ្នាទេ។ ក្នុងចំណោមអ្នកជំងឺទាំង១០នាក់ មានតែខ្ញុំ និងបុរសជនជាតិបារាំងប៉ុណ្ណោះដែលមានបញ្ហាផ្លូវដង្ហើម ឯអ្នកផ្សេងទៀតហាក់ពុំមានអាការៈអ្វីគួរឱ្យកត់សម្គាល់នោះទេ។ ពួកគាត់មានតែក្តៅខ្លួនបន្តិចបន្តួច ឬពិបាកគេង ឬធ្វើទុក្ខក្រពះដោយសារថ្មាំប៉ុណ្ណោះ។
អាការៈជំងឺមានឡើងមានចុះ។ បន្ទាប់ពីចូលសម្រាកព្យាបាល អាការៈរបស់ខ្ញុំគឺតឹងក ហាក់ដូចជាមានសត្វល្អិតនៅរមាស់ក្នុងបំពង់ក។ ខ្ញុំពុំមានប្រវត្តិឈឺផ្លូវដង្ហើមពីមុនមកទេ។ សំលេងខ្ញុំចាប់ផ្តើមស្អក ហើយក្អករាល់ពេលដែលខ្ញុំហាមាត់និយាយ។ អាចដកដង្ហើមចេញបាន តែមានការពិបាកក្នុងការដកដង្ហើមចូល។ បើដកចូលខ្លាំង នឹងក្អក ឬដូចចង់ថប់ដង្ហើម។ គេងរាបស្មើធម្មតាពិបាកដកដង្ហើម ទាល់តែដាក់គ្រែរាងបញ្ឈរបន្តិច ហើយគេងផ្អៀងក៏ពិបាកដកដង្ហើមដែរ។ ដោយសារឥទ្ធិពលថ្នាំផង ដោយសារមេរោគវាយលុកផង ជួនកាលធ្វើទុក្ខក្រពះពិបាកញ៉ាំ ជួនកាលពិបាកគេង ជួនទៅពេលគេងក្តៅត្រជាក់ បែកញើស។ ប៉ុន្តែពេទ្យមិនមានឱ្យតមអ្វីទេ ម្ហូបអ្វីក៏ញ៉ាំបានដែរ ឱ្យតែឃ្លាន។
ចំពោះកម្លាំងកំហែង ពេលខ្លះមានកម្លាំង ពេលខ្លះក៏ខ្សោយកម្លាំង។ អ្នកជំងឺផ្សេងទៀតដូចគ្នាដែរ។
នៅថ្ងៃទី១០ ពេលព្រឹកខ្ញុំហាក់មានអារម្មណ៍ស្រឡះបំពង់ក។ ពេលនោះខ្ញុំអរខ្លាំងណាស់។ តែពេលរសៀលស្រាប់តែឈឺកឡើងវិញ។ ហេតុតែចង់ឆាប់ជា ថ្ងៃនោះខ្ញុំខំប្រឹងញ៉ាំច្រើន ឈរហាលថ្ងៃ៣០នាទីព្រឹក ៣០នាទីល្ងាច។ ដល់ប្រឹងជ្រុលពេកខ្ញុំបែរជាបាក់កម្លាំង ហើយស្ថានភាពធ្លាក់ចុះស្រិប។ ខ្ញុំពិបាកដកដង្ហើមទាល់តែប្រើអុកស៊ីសែនជំនួយ ហើយអស់កម្លាំងល្ហិតល្ហៃ ទាល់តែព្យួរសេរ៉ូមទើបមានកម្លាំងឡើងវិញ។ នេះគឺជាថ្ងៃដែលដុនដាបបំផុតសម្រាប់ខ្ញុំ។ បន្ទាប់ពីថ្ងៃនោះមក ខ្ញុំចាប់ផ្តើមថ្មមសុខភាពឡើងវិញ មិនបង្ខំញ៉ាំលើសកម្រិត ឬហាត់ប្រាណលើសកម្លាំង។

ខ្ញុំខិតខំស្តាប់អ្វីដែលរាងកាយទាមទារ។ ខ្ញុំខំញុំ តិចៗតែច្រើនដង ហើយញុំនេះញុំនោះឱ្យមានអ្វីនៅក្នុងក្រពះជានិច្ច ដើម្បីរក្សាកម្លាំងជាប្រចាំ។ ព្យាយាមញ៉ាំទឹកច្រើនណាស់ ហាក់បីដូចជាការសំអាតបំពង់ក។ នៅពេលដែលយើងមានសុខភាពខ្សោយ ហើយនៅពេលមានសម្ពាធឈាមទាប ពេលខ្លះយើងអាចយល់សប្តិអាក្រក់។ មិនមែនតែខ្ញុំទេ ជនបរទេសទាំងនោះក៏និយាយដូចគ្នាដែរ ៕ហេង​សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print