ខេត្តកំពង់ធំ ៖ កាលពីយប់មិញថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង១៦៖ ៣០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះបង្រ្កាបករណីត្រាក់ទ័រលួចឈូសឆាយដីព្រៃលិចទឹកមួយកន្លែង នៅត្រង់ ចំណុចអាងកំបុត ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពុង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ការបង្ក្រាបដោយមានការយកចិត្តទុកដាក់ពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក្រោមការសម្របសម្រួលនីតិវិធីពី លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា ករណីឈូសឆាយដីព្រៃនេះមានរយៈពេល ២-៣ថ្ងៃមកហើយ ក្នុងនោះកម្លាំង ការិយាល័យនគរបាល បានចុះបង្រ្កាបករណីត្រាក់ទ័រឈូសឆាយដីព្រៃលិចទឹកនៅតំបន់ខាងលើ តែដោយដឹងខ្លួនថាសមត្ថកិច្ចចុះទៅបង្រ្កាប អ្នកបើកត្រាក់ទ័រក៏បានបើករត់គេចពីរកន្លែងធ្វើសកម្មភាពឈូសឆាយ រហូតដល់ចំណុចលើខ្នងអាងតាណារ៉េ ស្ថិតនៅភូមិរលួស សង្កាត់ស្រយូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។
កម្លាំងសមត្ថកិច្ចចាប់យកត្រាក់ទ័រ ម៉ាកគូបូតា៨៥-៤០ ចំនួន២គ្រឿង ពណ៍ ក្រហម និងម៉ាកគូបូតា៩៥-៤០ចំនួន១គ្រឿង ពណ៍ក្រហម ,ទូរស័ព្ទដៃចំនួន៣គ្រឿង នឹងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ មាន
ទី១ ឈ្មោះ ហ៊ុន រស្មី ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ។
ទី២ ឈ្មោះ វ៉ែន ថេង ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិជ័យ ឃុំសាន់គរ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
ទី៣ ឈ្មោះ យ៉ុត ពន្លក ភេទប្រុស អាយុ២០ឆ្នាំនៅភូមិ ជ័យ ឃុំសាន់គរ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
ទី៤ ឈ្មោះ ហ៊ុន ហង្សស៊ឺ ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សម្ភារះវត្ថុតាង និងជនសង្ស័យខាងលើ យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធី ។
គួរបញ្ជាក់ផងដែរថាអាជ្ញាធរខេត្តកំពង់ធំបានចុះបង្រ្កាបទ្រង់ទ្រាយធំដោយចាប់បានត្រាក់ទ័រជាច្រើនគ្រឿងកាលពីកន្លងរួចមកហើយៗកាលពីថ្ងៃទី១៦ថ្មីៗនេះក៏បានចាប់ត្រាក់ទ័រចំនួន ២គ្រឿងផងដែរ ៕ ប៊ុនរិទ្ធី