ស៊ីដនី៖ ដើម្បីធ្វើតេស្ដពីប្រសិទ្ធភាពថ្នាំពីរប្រភេទប្រឆាំងជំងឺ HIV និងថ្នាំប្រឆាំងគ្រុនចាញ់ លើអ្នកជំងឺ COVID-19 មន្ទីរពេទ្យជាង ៨០កន្លែងនៅទូទាំងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានធ្វើឡើងនៅឯមន្ទីរពេទ្យ Royal Melbourne Hospital ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។
ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលី នឹងធ្វើការពិសោធន៍ពីប្រសិទ្ធភាពនៃថ្នាំ (lopinavir/ritonavir) ប្រឆាំងនឹងមេរោគអេដស៍ (HIV) និង អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) ជាប្រភេទថ្នាំប្រើប្រាស់ប្រឆាំង ក៏ដូចជាបង្ការជំងឺគ្រុនចាញ់។ ការធ្វើតេស្ដនាពេលកន្លងមក បានបង្ហាញរួចមកហើយថា ថ្នាំទាំងពីរប្រភេទនេះអាចនឹងបញ្ឈប់ការវិវឌ្ឍនៃវីរុសកូរ៉ូណាថ្មី ( novel coronavirus ឬ SARS-CoV-2) ដែលបង្កជាជំងឺ COVID-19 ហើយអង្គការសុខភាពពិភពលោក ក៏បានទទួលស្គាល់សក្ដានុពលនៃថ្នាំទាំងពីរនេះដែរ ។ ក៏ប៉ុន្តែ ការធ្វើតេស្ដបន្ថែមទៀតនៅពេលនេះ គឺដើម្បីធ្វើឱ្យកាន់តែ
ប្រាកដថា ថ្នាំប្រឆាំងមេរោគ HIV (lopinavir/ritonavir) និង hydroxychloroquine មានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់មនុស្សជាទូទៅតែម្តង ។
គួរជម្រាបថា ការធ្វើតេស្ដខាងលើមានឈ្មោះថា អូស្ត្រាឡាសៀន កូវីដ-១៩ (AustralaSian COVID-19 Trial ឬ ASCOT) នឹងត្រូវអនុវត្តលើអ្នកជំងឺនៅមន្ទីរពេទ្យ ៧០កន្លែង ទូទាំងប្រទេសអូស្ត្រាលី និង ១១មន្ទីពេទ្យក្នុងប្រទេសនូវែលសេឡង់។ អូស្ត្រាលី និងនូវែលសេឡង់ ត្រូវបានចាត់ទុកថា ទទួលបានជោគជ័យតំណាក់ការដំបូង ក្នុងការទប់ស្កាត់មិនឲ្យជំងឺ COVID-19 ផ្ទុះឡើងក្នុងទ្រង់ទ្រាយធំបន្ថែមទៀត និងជាប្រទេសដែលមានអត្រាស្លាប់ទាប ដោយសារជំងឺរាតត្បាតសកលនេះផងដែរ៕