យកប្រេងម៉ាស៊ូតចាក់ម៉ាស៊ីនភ្លើងក្លាយជាអគ្គិភ័យឆេះស្ថានីយ៍ប្រេងសមត្ថកិច្ចជួយពន្លត់ទាន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ: មានអគ្គិភ័យមួយបានឆាបឆេះស្ថានីយ៍ប្រេងឥន្ធន:យីហោ LHR មួយកន្លែង នៅក្នុងភូមិសាស្រ្ដស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ កាលពីវេលា ៨និង០៥នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺតែត្រូវសមត្ថកិច្ចចេញទៅជួយធ្វើអន្តរាគមន៍ពន្លត់ភ្លើងទាន់ ។
តាមប្រភពព័ត៌មានពីលោក វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ករណីមានអគ្គិភ័យឆាបឆេះនេះស្ថានីយ៍ប្រេងឥន្ធនៈនេះគឺ កើតចេញនៅចំណុចរោងម៉ាស៊ីនភ្លើងរបស់ស្ថានីយ៍ប្រេងឥន្ធន:ខាងលើ។ ពេលទទួលបានព័ត៌មាននេះភ្លាមលោកបាន ចាត់កម្លាំងនគរបាលចេញទៅធ្វើអន្ដរាគមន៍ភ្លាមៗដោយមានរថយន្ដពន្លត់អគ្គិភ័យ ប្រចាំការនៅអធិការស្រុក មួយគ្រឿង និង នគរបាលខេត្ដកំពង់ស្ពឺ ចំនួន ២គ្រឿង។ ប៉ុន្ដែអគ្គិភ័យនេះត្រូវកម្លាំងនគរបាលធ្វើការគ្រប់គ្រង ពន្លត់ទាន់ពេល ធ្វើឲ្យអគ្គិភ័យថមថយ ស្ថានភាពវិលមកប្រក្រតីវិញទាំងស្រុង។
លោកអធិការបញ្ជាក់ថា អគ្គិភ័យនេះតាមការឲ្យដឹងបឋម គឺមូលហេតុមកពី ម្ចាស់ស្ថានីយ៍ប្រេងឥន្ធន:យកប្រេងម៉ាស៊ូតទៅ ចាក់ម៉ាស៊ីនភ្លើងដែលកំពុងតែកំពុងបញ្ឆេះ ពេល នោះបានកំពប់ហៀរ មកប៉ះជាមួយបំពង់ស៊ីមាំង បណ្តាលឲ្យក្លាយទៅជាអគ្គិភ័យតែម្ដង ។
ចំពោះករណីគ្រោះថ្នាក់អគ្គិភ័យខាងលើនេះដែរបង្កការឲ្យមានខូចខាតឆេះម៉ាស៊ីនភ្លើងចំនួន ១គ្រឿង ម៉ាក DENYO និងសម្ភារមួយចំនួនទៀត។ ចំណែកប្រតិបត្ដិការជួយអន្ដរាគមន៍សង្រ្គោះ ទីតាំងខាងលើ សមត្ថកិច្ចប្រើប្រាស់ទឹកចំនួន ២រថយន្តទើបភ្លើងរលត់ជាស្ថាពរ ៕ ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print