ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ជាមួយនិងថ្នាំញៀន យ៉ាម៉ានិងមេតំហ្វេតាមីន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនបានក្នុងពេលដែលជនសង្ស័យធ្វើសកម្មភាពចែកចាយនិងជួញដូរ សារធាតុញៀនខុសច្បាប់កាលពីរសៀលថ្ងៃថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ភូមិដង្ខៅម៉ៅ ឃុំឃ្លាំង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ឌិន គាណា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាងផ្សារដែក រស់នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ នៅក្នុងប្រតិបត្តិការនេះកម្លាំងកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងស្រុក បើកការស៊ើបអង្កេត និងស្រាវជ្រាវ មុខសញ្ញាជនសង្ស័យ ដែលកន្លងមកមុខសញ្ញានេះបានធ្វើសកម្មភាពក្នុងមូលដ្ឋានស្រុកបរិបូរណ៍យ៉ាងសកម្មផងដែរ ។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហៅ ម៉ាទឹកកក ចំនួន ៤កញ្ចប់ មានទម្ងន់ ៤២.៦២ក្រាម និងថ្នាំគ្រាប់ពណ៌ក្រហមប្រភេទយ៉ាម៉ាចំនួន៣,៥គ្រាប់ និងសម្ភារវេចខ្ចប់មួយចំនួនទៀត។ នាពេលនេះជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្តខេត្តកំពង់ឆ្នាំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តទៅតាមនីតិវិធីច្បាប់ ៕ ចន្ថា