ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយសារតែរថយន្តកូរ៉ូឡាបើកបរក្នុងល្បឿនលឿនហើយបានរ៉េចង្កូតទៅបុកនិងរនាំងដែកពុះចែកទ្រូងផ្លូវបណ្តាលអោយរថយន្តដាច់កាឡេក្រឡាប់ផ្ងារជើងច្រងាង។
លពីវេលាម៉ោង១០យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ តែសំណាងល្អមិនរបួសដល់មនុស្ស។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពញ2H-3406 បើកបរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបែកកង់មុខផ្នែកខាងឆ្វេងក៏ជ្រុលទៅបុកនិងរនាំងដែកពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតអស់ចំនួន៥ផ្ទាំងហើយរថយន្តក្រឡាប់ផ្ងារជើងច្រងាងតែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តក៏បានបើកទ្វារចេញពីរថយន្តគេចខ្លួនបាត់ស្រមោលតែម្តង ចំណែករថយន្តត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប៕
ដោយ៖ សុខាសែនជ័យ
...