របួសស្រាលធ្ងន់ ៦នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅក្រុងពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់មនុស្ស ៥នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៣លើក នៅកណ្ដាលក្រុងពោធិ៍សាត់ ។

នគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា កាលពីវេលាម៉ោង ១៨.៤៥នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើក បង្កឡើងដោយអ្នកបើកបរម៉ូតូ ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ភ្មានស្លាកលេខ បើកបរដោយឈ្មោះ ស៊ន វីរៈ ភេទប្រុស រស់នៅភូមិ.ឃុំ.ស្រុកកណ្ដៀង ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចខាងលើ បានបុកអ្នកដើរឆ្លងថ្នល់ពីជើងទៅត្បូង បណ្ដាលឱ្យរបួសធ្ងន់បាក់ឆ្អឹងជំនី ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗ ចំណែកម្ចាស់ម៉ូតូ បង្កបានរងរបួសស្រាល។

ប្រភពពីនគរបាលខាងលើបន្តថា នៅវេលាម៉ោង ១៤ និង១០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើកដែរ រវាងម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-3156 បើកបរដោយឈ្មោះ ណុប ជុន ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេង គ្រានោះក៏មានម៉ូតូ ១គ្រឿងទៀត ម៉ាក CBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-2499 បើកបរដោយឈ្មោះ សួស សុខណា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ធ្វើដំណើរក្នុងទិសដៅស្របគ្នា បណ្ដាលឱ្យរងរបួសទាំងសងខាង ត្រូវបានគេជួយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ប្រភពបន្តទៀតថា លុះនៅវេលាម៉ោង ១៤ និង៣០នាទីថ្ងៃដដែល មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើកទៀត នៅលើកំណាត់ផ្លូវជាតិលេខ៥ ដដែល ស្ថិតក្នុងភូមិអូរស្ដៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ រវាងម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខ កណ្ដាល 1D-1890 បើកបរដោយឈ្មោះ ស ឃឹម ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិត្រាង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-3515 បើកបរដោយឈ្មោះ ចាន់ ណេង ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិចំការអូរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យរងរបួសធ្ងន់ទាំងសងខាង ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ។

ប្រភពដដែលបញ្ជាក់ទៀតថា វត្ថុតាងម៉ូតូបង្កហេតុទាំង ៥គ្រឿង សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក្រុងពោធិ៍សាត់ យកមករក្សាទុកនៅអធិការដ្ឋាននគរ​បាលក្រុងពោធិ៍សាត់ ដើម្បីស្រាវជ្រាវនិងដោះស្រាយគ្នាតាមនីតិវិធី ៕

IMG-20160115-WA0000

dav

dav

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print