ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូហុងដារសេ១២៥ មួយគ្រឿងបញ្ច្រាសទិសដៅចរាចរ ហើយបានឆ្លងផ្លូវទៅបុកនឹងរថយន្តកុងតឺន័រ ដែលមានដឹកកង់ច្រវាក់របស់គ្រឿងចក្រខួងនិងបុកគ្រឹះ បណ្តាលរអិលរុញកង់ច្រវាក់ មកបុកនឹងកាប៊ិនរថយន្តកំពិត ខ្ទេចគាបជាប់ជើងតៃកុងនិងបុរសជិះម៉ូតូរបួសធ្ងន់ ។
ហេតុគ្រោះថ្នាក់ចរាចរនេះ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែមករា នៅលើកំណាត់ផ្លូវជាតិលេខ៤ខាងលិចផ្លូវរថភ្លើង៥០មែត្រ មុខរោងចក្រផលិតក្រដាសកាតុង ហាតា ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះដែលជាអ្នកបើកបររថយន្តកុងតឺន័រមានឈ្មោះ នូ ហន បើកបរអោយក្រុមហ៊ុនEKL អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិ បាក់ធ្មេញ ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមប្រភពពត៍មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូហុងដារ សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1D.2197 ជិះបញ្ច្រាស់ទិសដៅចរាចរ ពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុ ម៉ូតូបានឡើងមកលើថ្នល់បានបន្តិចបំរ៉ុងឆ្លងផ្លូវ ក៏មានរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៍ទឹកប៊ិចបើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើតល្បឿនលឿនដូចគ្នា បានបុកចំពីមុខពេញទំហឹង ធ្វើអោយអ្នកបើករថយន្តកុងតឺន័រសំរេចចិត្ត ជាន់ហ្វ្រាំងទាំងបង្ខំ ហើយបានគាបម៉ូតូនៅនឹងក្បាលរថយន្ត ទើបបណ្តាលអោយកង់ច្រវាក់របស់គ្រឿងខួងនឹងបុកគ្រឹះ ដែលរថយន្តកុងតឺន័នោះដឹកពីក្រោយរអិលមកបុករុញ កាប៊ិនរថយន្តខ្ទេច គាបជើងខាងឆ្វេងរបស់អ្នកបើកនៅនិងក្បាលរថយន្តរងរបួសធ្ងន់ចំណែកអ្នកជិះម៉ូតូវិញបានខ្ទាតចេញពីរថយន្តទើបមិនបណ្តាលអោយគ្រោះថ្នាក់ដល់ជីវិត គ្រាន់តែរងរបួសធ្ងន់ ។
គួរបញ្ចាក់ថា រថយន្តកុងតឺន័រខាងលើដឹកបំណែកផ្នែករបស់គ្រឿងចក្រខួងនិងបុកគ្រឹះ ដែលដឹកមពីកំពង់ផែខេត្តព្រះសីហនុ រួមសរុប៣រថយន្តកុងតឺន័ ដែលកុងតឺន័រ២ផ្សេងទៀតមកតាមក្រោយ ដើម្បីយកមកដំឡើងជាទ្រង់ទ្រាយនៅភ្នំពេញ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត និងម៉ូតូសមត្ថកិច្ចបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕
ដោយ៖ សុខាសែនជ័យ