បច្ចុប្បន្នថៃមានករណីឆ្លងកូវីដ១៩កើនឡើងដល់ ២៩២២នាក់ និងស្លាប់ ៥១នាក់ក្នុងនោះមាន អ្នកឆ្លងថ្មីទើបតែរកឃើញ១៥នាក់នាថ្ងៃទី២៦ខែមេសានេះ។ ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងប្រទេសថៃ មានអ្នកជំងឺ ២ ៥៩៤ នាក់បានជាសះស្បើយវិលត្រឡប់ទៅផ្ទះ ហើយ។
សារព័ត៌មានរ៉យទ័រ បានដកស្រង់ប្រភពព័ត៌មានពីប្រទេសថៃ នៅថ្ងៃទី ២៦ខែមេសាបានផ្សាយថា ក្នុងចំណោមករណីថ្មីនៅប្រទេសថៃ, បួនករណីឆ្លងមកពីប្រភពអ្នកឆ្លងកូវីដ១៩ពីមុនៗ, ៤ករណី ឆ្លងមិនដឹងមកពីប្រភពខាងណា ខណៈ៥ករណីថ្មីទៀត ឆ្លងមកពីក្រៅប្រទេស ដែលកំពុងត្រូវបានដាក់ឲ្យស្ថិតនៅដោយឡែក ។
លោក Taweesin Wisanuyothin អ្នកនាំពាក្យគណៈកម្មការប្រឆាំងកូវីដ១៩ របស់រដ្ឋាភិបាល បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីមាន២ករណី នៅខេត្តភាគខាងត្បូងរបស់ថៃ គឺខេត្តយ៉ាឡា ។ អាជ្ញាធរក្នុងតំបន់បង្កើនសកម្មភាពធ្វើតេស្តវីរុសទៅលើប្រជាជនរស់នៅក្នុងតំបន់នោះក្រោយរកឃើញមានអ្នកឆ្លងច្រើន៕