ឆេះផ្ទះអ្នកលក់សាំងបណ្តាលឱ្យឆេះម្ចាស់ផ្ទះម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ផ្ទះលក់សាំងរាយមួយខ្នងបានរងការឆាបឆេះដោយអគ្គិភ័យហើយបណ្តាលឱ្យស្រ្តីម្នាក់ដែលជាម្ចាស់ផ្ទះបានរងរបួសធ្ងន់ភ្លើងឆេះជើងទាំងពីរខណៈដែលជនរងគ្រោះខំប្រឹងរត់ទៅយកកន្រ្តកដាក់ប្រាក់គ្រានៅពេលភ្លើងឆាបឆេះចេញពីការចាក់សាំងចូលដបក្បែរភ្លើងចង្រ្កានបាយ។

IMG_5233

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិប៉ុស្ថិ៍ចាស់ ឃុំព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ អគ្គិភ័យនោះត្រូវគេរាយការណ៍ឱ្យដឹងថាឆាបឆេះផ្ទះអស់ទាំងស្រុងរយៈពេលជិត១ម៉ោងហើយគេឃើញរថយន្ត ទឹករបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន២គ្រឿងបានចេញទៅជួយអន្តរាគមន៍បាញ់ទឹកស្កាត់ពន្លត់មិនឱ្យភ្លើងទៅរាលដាលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរនោះបន្ថែមទៀតនោះឡើយ។

ស្រ្តីម្ចាស់ផ្ទះរងរបួសមានឈ្មោះ សៀត ពៅ អាយុ៣៨ឆ្នាំ ត្រូវបានគេដឹកយកទៅព្យាបាលមុខរបួសនៅមន្ទីរពេទ្យ។

បើតាមប្រភពព័ត៌មានពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះនេត្រព្រះប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគឺប្តីជាម្ចាស់ផ្ទះមិននៅផ្ទះនោះទេ ជាប់រវល់ទៅរកស៊ីខាងក្រៅ នៅផ្ទះមានប្រពន្ធនិងកូនប៉ុណ្ណោះ ។ បន្ទាប់មកកូនម្ចាស់ផ្ទះបានចាក់សាំងពីដុងច្រកចូលដបដើម្បីលក់រាយ ខណៈនោះស្រាប់តែសាំងហៀរមាត់ដបខ្ចាយទៅលើដីហើយក៏ឆាបនិងភ្លើងចង្រ្កានកំពុងដាំបាយនៅក្បែរនោះជាហេតុបង្កជាអគ្គិភ័យកើតឡើងតែម្តង។នៅពេលភ្លើងចាប់ផ្តើមឆេះស្រ្តីម្ចាស់ផ្ទះបានរត់ចូលទៅយកកន្រ្តកដាក់ប្រាក់ ក៏ប៉ុន្តែត្រូវបានភ្លើងឆេះជើងទាំងពីរក៏ខំប្រឹងរត់គេចេញវិញ ដោយមិនបានយកកន្រ្តកប្រាក់និងមាសប្រាក់អ្វីបន្តិចនោះឡើយ។

បើតាមប្រភពព័ត៌មានដដែលប្រាប់ឱ្យដឹងទៀតថា នៅពេលភ្លើងឆេះ ប្រជាពលរដ្ឋរស់នៅក្បែរនោះមិនហ៊ានចូលទៅជួយអន្តរគមន៍នោះទេ ដោយខ្លាចផ្ទុះពីដុងសាំង និងប្រេងម៉ាស៊ូតរួមកំប៉ុងហ្គាសនៅក្នុងផ្ទះនោះ ។ លុះមួយសន្ទុះក្រោយមកទើបឡានទឹករបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន២គ្រឿងទៅដល់ហើយបាញ់ទឹកពន្លត់ នៅពេលដែលភ្លើងឆេះផ្ទះជិតអស់ទៅហើយនោះ។

ផ្ទះរងការឆាបឆេះខាងលើធ្វើអំពីឈើខាងលើថ្មក្រោមទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ ទ្រព្យសម្បត្តិដែលភ្លើងឆេះអស់រួមមានសាំង១០ពីដុង សរុប៣៧លីត្រគិតជាទឹកប្រាក់១លាន៥ម៉ឺនរៀល  ប្រេងម៉ាស៊ូត១ហ្វុយ គិតជាទឹកប្រាក់ ៤ពាន់ ៤រយបាត ប្រាក់ថៃ និងប្រាក់ខ្មែរសរុប១រយ៦៥លានរៀល រួមនិងទ្រព្យសម្បត្តិសម្ភារៈក្នុងផ្ទះមួយចំនួនធំ៕

IMG_5225

IMG_5228

IMG_5231

IMG_5226

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print