ខេត្តបន្ទាយមានជ័យ៖ កម្មករម្នាក់បានរងរបួសធ្ងន់ ដោយភាគីទំនាស់កាប់មួយកាំបិតប៉័ងតោរយះដេរ១៦ថ្នេរ ខណៈដែលផឹកស៊ី នៅចំណុចទីតាំងកសាងស្ថានីយ៍ទឹកស្អាត ខាងកើតភូមិពោធិរំបុណ្យ ឃុំពន្លៃ ស្រុកភ្នំស្រុក ខខេត្តបន្ទាយមានជ័យកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ។
យោងតាមរបាយការណ៍របស់ នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះ ធួង ឧស្សាហ៍ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិបេង ឃុំអន្លង់វិលស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរកម្មករ សំណង់។ចំណែកជនដៃដល់ ឈ្មោះ ម៉ៅ(មិនស្គាល់ត្រកូល) ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិនិមិត្ត សង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មុខរបរ កម្មករសំណង់ដូចគ្នា ។
មន្រ្តីនគរបាលបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះ និងជនដៃដល់បានផឹកស្រាជុំគ្នា ហើយពេលកំពុងផឹក ក៏មានទំនាស់ពាក្យសំដីក្លាយជាជម្លោះ រហូតដល់ឈ្មោះ ម៉ៅ បានទាញកាំបិតប៉័ងតោកាប់ទៅលើឈ្មោះ ឧស្សាហ៍ ១កាំបិត ត្រូវចំស្មាស្តាំរយះប្រវែង១០ស.ម ដេរចំនួន១៦ថ្នេរ ហើយត្រូវបានក្រុមគ្រួសារដឹកជនរងគ្រោះយកទៅសម្រាកព្យាបាលរបួសនៅមណ្ឌលសុខភាពឃុំពន្លៃ។
ចំណែកជនដៃដល់ឈ្មោះ ម៉ៅ បានរត់គេចខ្លួនបាត់ក្រោយពីធ្វើសកម្មភាពរួចពេលនេះកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកកំពុងស្រាវជ្រាវរកចាប់ខ្លួន ៕ដោយ÷ ប្រាថ្នា