អង្គការ​ឧតុនិយម​ពិភពលោក WMO ព្រមាន​ថា ប្រសិនបើ​ផែនដី​ក្តៅ​ជាង​មុន​តាម​ល្បឿន​បច្ចុប្បន្ន សីតុណ្ហភាព​នឹង​កើនឡើង​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ជាង​ជំងឺ​កូ​វីដ​១៩

ចែករំលែក៖

ប្រទេស​ស្វី​ស ៖ មន្ត្រី​អង្គការ​ឧតុនិយម​ពិភពលោក​ ដែល​ហៅ​កាត់​ថា WMO បានព្រមាន​ថា ប្រសិនបើ​ផែនដី​ក្តៅ​ជាង​មុន​តាម​ល្បឿន​បច្ចុប្បន្ន សីតុណ្ហភាព​នឹង​កើនឡើង ១,៥ អង្សា​សេ ក្នុងពេល ១០ ឆ្នាំ​ខាងមុខ ។ ហើយការ​កើន​សីតុណ្ហភាព​បែបនេះ​នឹងធ្វើ​ឱ្យ​អាកាសធាតុ​កាន់តែ​អាក្រក់​ជាង​មុន ហើយ​ផលប៉ះពាល់​ដ៏​គ្រោះថ្នាក់​ភាគច្រើន​នៃ​ការប្រែប្រួល​អាកាសធាតុ​ប្រហែលជា​មិនអាច​កែប្រែ​បានទេ ​។

​អង្គការ​ឧតុនិយម​ពិភពលោក រាយការណ៍​ថា​ ការបិទ​ការដឹក​ជ​ញ្ចូ​ន ឧស្សាហកម្ម និង​ផលិតកម្ម​ថាមពល​នៅក្នុង​ប្រទេស​ជាច្រើន​ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩ បាន​បណ្ដាលឱ្យ​ការ​សាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅក្នុង​បរិយាកាស​ថយចុះ ៦%​ ។​

​ក៏ប៉ុន្តែ លោក Petteri Taalas អគ្គលេខាធិការ​នៃ​អង្គការ​ឧតុនិយម​ពិភពលោក និយាយថា​ដំណឹង​ល្អ​នេះ​មាន​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​។ លោក​ថ្លែងថា ការចាប់ផ្តើម​សកម្មភាព​ឧស្សាហកម្ម​ឡើងវិញ​នឹង​នាំឱ្យមាន​ការបង្កើន​ការ​សាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ថែមទៀត​។ លោក​និយាយថា ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ នេះ បាន​នាំឱ្យ​អង្គការ​លោក​មានការ​ពិបាក​ជាង​មុន​នៅក្នុង​ការឃ្លាំមើល​ធាតុអាកាស​និង​ហានិភ័យ​ផ្សេងទៀត​។​

​លោក Petteri Taalas បញ្ជាក់​ដូច្នេះ​ថា​៖ «​វិបត្តិ​ជំងឺ​កូ​វីដ​១៩ នៅពេល​បច្ចុប្បន្ននេះ​បាន​នាំឱ្យមាន​ការថយចុះ​នៃ​ការវាស់វែង​ខ្លះ​។ …​ជា​ឧទាហរណ៍ ក្រុមហ៊ុន​អាកាសចរណ៍​បានធ្វើការ​វាស់វែង​ទាំងនេះ​។​ប៉ុន្តែ ដោយសារ​មានការ​ហោះហើរ​តិចតួច​បំផុត​នៅពេលនេះ យើង​ទទួលបាន​ការវាស់វែង​តិចជាង​មុន​ពី​យន្តហោះ ដែល​បណ្តាលឱ្យមាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​គុណភាព​នៃ​ការព្យាករណ៍​ធាតុអាកាស​»​។​

​លោក Taalas និយាយថា នៅពេលដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ការដោះស្រាយ​បញ្ហា​ធំៗ​ពីរ​នៅពេល​ជាមួយគ្នា ទំហំ​នៃ​បញ្ហា​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​ធាតុអាកាស​គឺ​ធំ​ជាង​បញ្ហា​ជំងឺ​កូ​វីដ​១៩ ទៅទៀត​។ លោក​និយាយថា បញ្ហា​សុខភាព និង​បញ្ហា​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​គឺមាន​លក្ខណៈ​ធំធេង ក៏ប៉ុន្តែ​លោក​កត់សម្គាល់ថា បញ្ហា​ទាំងនេះ​នឹងមាន​រយៈពេល​តែ​ពីរ ឬ​បី​ឆ្នាំ​ប៉ុណ្ណោះ​។​

​លោក Taalas បញ្ជាក់​ដូច្នេះ​ថា​៖ « ប្រសិនបើ​យើង​មិនអាច​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​បានទេ យើង​នឹង​ឃើញ​មាន​បញ្ហា​ខាង​សុខភាព​កើត​ឡើងជា​បន្ត​ជានិច្ច ជាពិសេស​បញ្ហា​អត់ឃ្លាន និង​សមត្ថភាព​ក្នុងការ​ចិញ្ចឹម​មនុស្ស​នៅក្នុង​ពិភពលោក​ដែលមាន​កាន់តែ​ច្រើនឡើងៗ ហើយក៏​នឹងមាន​ផលប៉ះពាល់​ធំ​ជាង​មុន​លើ​សេដ្ឋកិច្ច​ផងដែរ​»​។​

​លោក Taalas ថ្លែងថា ពិភពលោក​ចាំបាច់​ត្រូវ​បង្ហាញ​ការប្តេជ្ញា និង​សាមគ្គីភាព​លើ​ការ​ប្រឆាំងនឹង​ការប្រែប្រួល​ធាតុអាកាស​ឲ្យ​ដូច​ទៅនឹង​ការ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដែរ​។ លោក​បន្ថែមថា មនុស្ស​នៅ​គ្រប់កន្លែង​ត្រូវតែ​ចាត់វិធានការ​រួមគ្នា​ដើម្បី​ជា​ប្រយោជន៍​ដល់​សុខភាព និង​សុខុមាលភាព​របស់​មនុស្ស​ជាតិ សម្រាប់​ជំនាន់​នេះ និង​ជំនាន់​ខាងមុខ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print