Update ៖​ ក្រុមគ្រួសារជនរងគ្រោះជាបុគ្គលិកអ៊ីនធឺណែតម្នាក់ដែលត្រូវខ្សែភ្លើងឆក់ធ្លាក់ពីលើបង្គោលស្លាប់មិនទាន់ទៅដាក់ពាក្យបណ្តឹង

ចែករំលែក៖

ខេត្តសៀមរាប៖ ករណីបុគ្គលិកអ៊ិនធឺណែតម្នាក់ធ្លាក់ពីលើបង្គោលបែកក្បាលស្លាប់កាលពីម្សិលមិញនោះ មកដល់ម៉ោង៣រសៀលថ្ងៃ២៨ខែ មេសានេះ សមត្ថកិច្ចនៅមិនទាន់បានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារសពនៅឡើយទេ។
នេះបើតាមការបញ្ជាក់ពីលោក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបប្រាប់ភ្នាក់ងារយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មាននគរវត្តនៅរសៀលថ្ងៃនេះ។
លោកអធិការ បញ្ជាក់ថា ប្រសិនបើភាគីគ្រួសារជនរងគ្រោះដាក់ពាក្យបណ្តឹងមែននោះ សមត្ថកិច្ចរបស់លោកនិងកសាងសំណុំរឿងតាមច្បាប់ តែពេលនេះមិនឃើញមកដាក់ពាក្យបណ្តឹងទេ ។លោកសង្ស័យថាពួកគេចរចាផ្តល់សំណងក្រៅប្រពន័្ធច្បាប់ហើយ បើអ៊ីចឹងមែនវាជាសិទ្ធិរបស់ភាគីទាំងពីរនិងមិនអាចជាប់បណ្តឹងអាជ្ញានោះទេ។ចំណែកភាគីគ្រួសារជនរងគ្រោះមិនធ្វើអត្ថាធិប្បាយក្រៅពីនិយាយយ៉ាងខ្លីថា កំពុងចរចាគ្នាជាមួយក្រុមហ៊ុន។
សូមបញ្ជាក់ថា បុគ្គលិកអ៊ិនធឺណែតម្នាក់ ត្រូវខ្សែភ្លើងមានចរន្តឆក់ធ្លាក់ពីលើបង្គោលភ្លើង ផ្កាប់មុខបោកនឹងថ្ម ស្លាប់ភ្លាមៗ
កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៧ខែមេសា ឆ្នាំ២០២០ នៅខាងត្បូងហាងខារ៉ាអូខេហ្វីលីង ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំក្រុង-ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ឡេង ប៊ុនឡុង ភេទប្រុស អាយុ 31ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអនឡាញអ៊ីនធឺណិត មានទីលំនៅភូមិទី៤សង្កាត់ចុងឃ្នៀស ក្រុង-ខេត្តសៀមរាប។ ករណីស្លាប់បុគ្គលិកនេះម្ចាស់ក្រុមហ៊ុននអ៊ិនធឺណែតមិនបានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានដឹងនោះទេ ហើយសមត្ថកិច្ចបានទទួលដំណឹងនេះតាមបណ្តាញហ្វេសប៊ុកនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល បន្ទាប់ពីក្រុមគ្រួសារដឹកសពទៅតម្កល់ទុកនៅវត្តអាធ្វា ក្នុងសង្កាត់-ក្រុងសៀមរាបក៏ចុះទៅធ្វើកោសល្យវិច័យតែម្តង។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនិងក្រុមការងារចំនួន២នាក់ទៀត បានធ្វើការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតនៅកន្លែងកើតហេតុខាងលើ។ពេលនោះជនរងគ្រោះបានឡើងតខ្សែអ៊ិនធឺណែតតាមបង្គោលបណ្ដាលឱ្យប៉ះចំតំណខ្សែភ្លើងមានចរន្តឆក់ធ្លាក់ពីលើបង្គោលភ្លើងក្នុងកម្ពស់ជាង៤ម៉ែត្រដល់ដីផ្កាប់មុខបោកនឹងថ្ម ចំចិញ្ចឹម បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង ៕
ដោយ÷ប៊ុន រិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print