ភ្នំពេញ៖ ដោយសារតែខ្វះការយាប់យល់អធ្យាស្រ័យគ្នា បានធ្វេីឲ្យបុរសជាសន្តិសុខម្នាក់របួសធ្ងន់ និងសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ទៀតត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខឃាត់ខ្លួន បន្ទាប់ពីបុរសជាជនដៃដល់បានប្រើអំពើហិង្សាទៅលើបុរសដែលជាសន្តិសុខរងគ្រោះបណ្ដលឲ្យសន្លប់ស្ដូកស្ដឹង ហើយព្យាយាមគេចខ្លួនបានតែ១ថ្ងៃជាខ្នោះដៃសមត្ថកិច្ចតែម្តង ។
ករណីឃាត់ខ្លួនជនដៃដល់ខាងលើនេះ បានធ្វេីឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នៅចំណុចក្រុមហ៊ុន(ម៉ាកឃ៍ហ្សប) ទីតាំងលេខ៩៩ ផ្លូវព្រះសីហនុ ភូមិទី៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនដៃដល់ឈ្មោះមឹុង ណារិន ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជនយីហោ(SS) ស្នាក់នៅផ្ទះលេខ៧៣ ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ។ រីឯជនរងគ្រោះឈ្មោះណាំ យូថេង ភេទប្រុសអាយុ៥០ឆ្នាំមុខរបរសន្តិសុខក្រុមហ៊ុន(AGS) (រងរបួសធ្ងន់ត្រង់ក្បាលពំុទាន់ដឹងខ្លួនកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត) ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦វេលាម៉ោង០៦ព្រឹកជនរងគ្រោះនិងជនសង្ស័យជាសន្តិសុខ ហើយកំពុងតែឈរយាមជិតគ្នានៅមុខក្រុមហ៊ុនរៀងៗខ្លួន ស្រាប់តែពេលនោះជនដៃដល់បានយកដំុថ្មជើងឆ័ត្រមកទំលាក់ខ្លាំងនៅខាងមុខក្រុមហ៊ុនដែលជនរងគ្រោះកំពុងឈរយាម ដោយឃើញដូច្នេះជនរងគ្រោះក៏បាននិយាយថាទំលាក់ខ្លាំងៗម្ល៉េះ ពេលនិយាយចប់ហើយនោះ ស្រាប់តែជនដៃដល់បានស្ទុះមកវាយជនរងគ្រោះទាំងកំរោលតែម្តងបណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលទៅនិងថ្នល់របួសធ្ងន់សន្លប់ឈឹង ដោយឃើញដូច្នេះជនដៃដល់ក៏បានគេចខ្លួនបាត់តែម្តង។ ចំណែកឯជនរងគ្រោះត្រូវបានអ្នកឃើញហេតុការណ៍នេះ ដឹកបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែល ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់នោះយកមកដាក់ទោសតាមច្បាប់ផងដែរ ។
ក្រោយពេលកើតហេតុ បន្ទាប់ពីមានអំពើហិង្សានេះកើតឡើងរួចហើយនោះនិងយោងតាមពាក្យបណ្ដឹងរបស់ប្រពន្ធជនរងគ្រោះ ទើបកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០១៦ ទើបសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់រូបនេះបានយកមកចាត់ការតាមនិតិវិធី ៕
...
ដោយ៖ ស ដារ៉ា