សារព័ត៌មាន Politico របស់អាម៉េរិក នៅថ្ងៃទី៣០ខែមេសា បានផ្សាយថា លោក Joe Groganទីប្រឹក្សាសុខាភិបាលរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំបានលាលែងចេញពីតំណែង។
លោក Joe Grogan ជាទីប្រឹក្សា ស្តីពីគោលនយោបាយសុខាភិបាលរបស់លោកត្រាំ គឺជាបុគ្គលដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩នៅអាម៉េរិក បានដាក់លិខិតសុំលាលែងចេញពីតំណែង។ លោក Joe Grogan បានឲ្យដឹងថា លោកបាននិយាយជាមួយប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានការិយាល័យសេតវិមាន លោក Mark Meadows ពីលិខិតលាលែងតំណែងរបស់លោក។
តាមគម្រោង លោក Joe Groganនឹងបញ្ចប់ការងារនៅសេតវិមានចាប់ពីថ្ងៃទី ២៤ខែឧសភា ។លោកសង្ឃឹមថា នៅពេលដែលលោកចេញពីតំណែងពេលនោះកូវីដ-១៩ នឹងថយចុះខ្លាំងក្នុងទឹកដីអាម៉េរិក។
លោក Joe Grogan បានលើកឡើងថា លោកបានក្លាយជាទីប្រឹក្សាសុខាភិបាល របស់លោកត្រាំនៅឆ្នំា២០១៧ ហើយមុនពេលចូលធ្វើការលោកបានសន្យាជាមួយភរិយាថា លោកនឹងធ្វើការតែ២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែពេលនេះបានឈានចូលឆ្នាំទី៤ហើយ ល្មមដល់ពេលត្រូវសម្រាក ៕