ភ្នំពេញ ៖ ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ មណ្ឌលផ្ដល់បណ្ណបើកបរនៅផ្សារទំនើបអ៉ីអនទាំងពីរទីតាំង ចេញបណ្ណបើកបរជូនប្រជាពលរដ្ឋ បានជិត១,១០០នាក់។ នេះបើតាមស្ថិតិរបស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអង្គភាពសារព័ត៌មានយើង ទទួលបាននៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។
របាយការណ៍ដដែលបានបង្ហាញថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ មណ្ឌលផ្ដល់បណ្ណបើកបរ នៅផ្សារទំនើបអ៉ីអន១ ផ្ដល់បណ្ណបើកបរជូនពលរដ្ឋបាន ២៦៣បណ្ណ និងនៅផ្សារទំនើបអ៉ីអន២ បាន២៦៨បណ្ណ។ ដោយឡែក នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ ផ្សារទំនើបអ៉ីនអន១ ផ្ដល់បណ្ណបើកបរជូនពលរដ្ឋបាន ២៨៥បណ្ណ និងនៅផ្សារទំនើបអ៉ីអន២ បាន២៨១បណ្ណ។
ជាការកត់សម្គាល់ ការសម្រុកទៅធ្វើបណ្ណបើកបររបស់ប្រជាពលរដ្ឋ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោយពីរាជរដ្ឋាភិបាលប្រកាសពីវិធានការណ៍រឹតប ន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ផាកពិន័យច្រើនជាងមុនទ្វេដង ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០តទៅ។
គួរជម្រាបថា ០១ ខែឧសភា ឆ្នាំ២០២០ ដែលថ្ងៃដំបូងនៃការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក (ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៤រៀសល) សមត្ថកិច្ចនគរបាលចរាចរណ៍អនុវត្តច្បាប់ទូទាំងប្រទេស បានរកឃើញយានយន្តល្មើសច្បាប់២,៦៥៨គ្រឿង ក្នុងនោះមានម៉ូតូ ២១៩៨គ្រឿង និងរថយន្ត៤៦០គ្រឿង។
របាយការណ៍បានឲ្យដឹងថា ក្នុងចំណោមម៉ូតូល្មើសច្បាប់ ២១៩៨គ្រឿងមាន៖ អត់មួក ១៩១០គ្រឿង, អត់កញ្ចក់ ១៦៥គ្រឿង, ល្មើសសញ្ញាចរាចរណ៍ ៦៥គ្រឿង, ដឹកលើសចំណុះ២គ្រឿង, អត់ស្លាកលេខ ១៣២គ្រឿង, ប្រើទូរស័ព្ទពេលបើកបរ ៥គ្រឿង និងបទល្មើសផ្សេងៗ ៨៤គ្រឿង។
សម្រាប់រថយន្តល្មើសមានចំនួន ៤៦០គ្រឿង ក្នុងនោះរថយន្តធុនស្រាល៣៩៤គ្រឿង និងរថយន្តធុនធ្ងន់ ៦៦គ្រឿង៖ បើកល្មើសល្បឿន ៥៥គ្រឿង, អត់បណ្ណបើកបរ ៣២គ្រឿង, ល្មើសសញ្ញាចរាចរណ៍ ១០គ្រឿង, អត់ពាក់ខ្សែក្រវាត់ ២៦៣គ្រឿង, ដឹកលើសចំណុះ៨គ្រឿង, អត់ស្លាកលេខ ១៤គ្រឿង, ប្រើទូរស័ព្ទពេលបើកបរ ៣គ្រឿង និងបទល្មើសផ្សេងៗ ៧៥គ្រឿង៕ ដោយ៖ ចន្ទ លីហ្សា