ខេត្តឧត្តរមានជ័យ៖ដោយមើលឃើញការរីកចម្រើនលើវិស័យចិញ្ចឹមបង្កងទឹកសាប ជាការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ លោកវេងង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទអមដំណើរដោយលោកប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០បានអញ្ជើញចុះទៅពិនិត្យកសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលី របស់ក្រុមហ៊ុន Cambodia Amazing Aquaculture TechnologicalCo.,Ltdស្ថិតនៅក្នុងភូមិថ្នល់កែងឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។
នៅពេលនោះអ្នកបច្ចេកទេសចិញ្ចឹមបង្កងបានជំរាបលោករដ្ឋមន្ត្រីឲ្យដឹងថា កសិដ្ឋាននេះបានដំណើរការតាំងពីឆ្នាំ២០១៦ ដោយធ្វើការអភិវឌ្ឍជាបណ្តើរៗ មានជីកស្រះច្រើនប្រភេទ (ស្រះចិញ្ចឹមមេ បាពូជ កូន និងបង្កងសាច់)អាងភ្ញាស់និងហេដ្ឋារចនាសម្ព័ន្ធក្នុងកសិដ្ឋានជាច្រើនទៀត។ឥឡូវនេះយើងកំពុងសាកល្បងពិសោធន៍ភ្ញាស់និងចិញ្ចឹមកូនពូជបង្កងឱ្យបានប្រមាណ ៦០ម៉ឺនក្បាល ដែលអាចផ្តល់ផលប្រមាណ ៥០ តោននៅរយៈពេល ៦ខែស្របតាមក្សេត្របរិស្ថាននៅតំបន់នេះក្នុងទិសដៅដើម្បីសម្រេចតាមផែនការផលិតកម្ម ផលិតបង្កងសាច់ឱ្យបាន ១តោនក្នុង១ថ្ងៃ និងគ្រោងផលិតកូនឱ្យបាន៥ទៅ១០លានកូននៅឆ្នាំក្រោយ។
អ្នកបច្ចេកទេសបញ្ជាក់ថាបង្កងប្រភេទនេះមានតម្លៃ២៥ដុល្លារក្នុងមួយគីឡូក្រាមហើយនៅកសិដ្ឋានឈ្មួញយកទៅលក់បន្តក្នុងតម្លៃសមរម្យ។ផ្ទៃដីដែលបាននិងកំពុងចិញ្ចឹមមានចំនួន ២៥ហិកតានឹងពង្រីកដល់ ១០០ហិកតានៅពេលឆាប់ៗខាងមុខ ដែលក្នុងនោះ ៧០ហិកតាសម្រាប់ផលិតបង្កងសាច់ ៣០ហិកតាសម្រាប់ផលិតមេ បា និងកូនពូជ។
ការចិញ្ចឹមជាលក្ខណ:ធម្មជាតិលែងក្នុងស្រះដោយផ្តល់ចំណីផ្សំមានពោតដំឡូងមីនិងសណ្តែកសៀងដែលជាវត្ថុធាតុដើមផលិតក្នុងស្រុកប៉ុណ្ណោះ។
ក្នុងឧិកាសនោះលោករដ្ឋមន្ត្រីនិងលោកអភិបាលខេត្តបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមវិនិយោគចិញ្ចឹមបង្កងពូជថ្មីដែលរដ្ឋបាលជលផលបាននិងកំពុងជំរុញក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកផលិតកម្មទៅតំបន់ផ្សេងៗទៀត៕ដោយ÷ប្រាថ្នា